រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៃក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឲ្យពាណិជ្ជករ អាជីវករ ត្រូវបញ្ឈប់ការលក់ ចែកចាយផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ព្រមទាំងរក្សាទុកជាបណ្ដោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធី នៃការដកហូត ត្រលប់មកវិញ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខលក់ និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថាអាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ ប្រភេទ ដែលកំពុងចរាចរលើទីផ្សារក្នុងព្រះរាជាណាចក្រ កម្ពុជា រួមមាន ៖
១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូត៏ Lot 894408 (Exp៖ 09/07/2027)
២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូត៏ Lot 900035 (Exp៖ 12/08/2027)
៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូត៏ Lot 900932 (Exp៖ 18/08/2027)
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម៖
-ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្ដោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទខាងលើ ។
-ចំពោះមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបាន ព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី ។
អាស្រ័យហេតុនេះ សូមពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាទទួលជ្រាប និងសហការ ផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ ៕

ចែករំលែកព័តមាននេះ