រាជធានីភ្នំពេញ ៖ អគ្គិភ័យកាលពីរាត្រីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មកនេះបានបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ។ យោងតាមប្រភព ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៥០នាទីយប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ឡាន ស្មើនឹង ១០៦ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង ស្មើនឹង ១២ម៉ែត្រគូប ។
ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទផ្ទះឈើប្រក់ស័ង្កសីទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) ចំនួន ០១ខ្នង និងបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន ១០ខ្នង រួមសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១១ និង ៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យមានមនុស្សស្រីម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ ៕









ចែករំលែកព័តមាននេះ