ប្រទេសសិង្ហបុរី ៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី ៧ ក្រោមប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកលសម្រាប់អនាគតប្រកបដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បានរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅប្រទេសសិង្ហបុរី ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ។ សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ, និងទស្សនវិស័យនៃការវិនិយោគក្នុងតំបន់ ។

នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍ចែករំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញពីការផ្លាស់ប្តូររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើននៃច្រវាក់ផលិតកម្មប្រកបដោយចីរភាព និងការពង្រីកលទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្រាប់កំណើនរួមគ្នារវាងកម្ពុជា និងចិនផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែកជាមួយ អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យវាយនភណ្ឌ ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យនេះ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សាលទ្ធភាពក្នុងការសហការជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ