ខេត្តសៀមរាប ៖ បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ឱ្យដឹងថា ដោយយោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អនុវត្តវិធានការរដ្ឋបាល និងត្រួតពិនិត្យទីតាំងលក់បារីអេឡិចត្រូនិក មួយកន្លែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានម្ចាស់អាជីវកម្ម ឈ្មោះ សៀក ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយការត្រួតពិនិត្យទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតបារីអេឡិចត្រូនិកចំនួន១៩៩ដើម ក្បាលបារីអេឡិចត្រូនិក ចំនួន៣៥៣ប្រអប់ ។
ក្នុងករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានយកវត្ថុតាងខាងលើមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែនាំ ដល់ម្ចាស់ទីតាំង និង ម្ចាស់អាជីវកម្មឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរណ៍ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និង អេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid) ជាបន្តទៀត ចាប់ពីពេលនេះតទៅ ៕
ចែករំលែកព័តមាននេះ