ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវបញ្ហានានាក្នុងជីវភាពប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសួនដំរីដែក ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជាក់ស្តែង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណូមពរជាច្រើន ដូចជាបញ្ហាក្រុមហ៊ុនដឹកជញ្ជូនសំរាមគ្មានទីតាំងចំណតរថយន្តត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ការស្នើសុំជួសជុលផ្លូវក្រវ៉ាត់ក្រុងឡើងវិញ បញ្ហាក្រុមហ៊ុនតបណ្តាញខ្សែវ៉ាយហ្វាយមិនបានត្រឹមត្រូវ ស្នើសុំជួសជុលស្ពាន បញ្ហាដីធ្លី ដីសហគមន៍ និងស្នើសុំការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនៅក្នុងក្រុងសែនមនោរម្យជាដើម ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ត្រូវបានមន្ត្រីជំនាញនីមួយៗបានធ្វើការកត់ត្រាទុក និងបានស្រាយបំភ្លឺជូនប្រជាពលរដ្ឋរួចរាល់ ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ការប្រារព្ធឡើងនៅវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ស្ដីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង-ស្រុក ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្តត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង ស្រុកនានា ។

ឯកឧត្តមបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងផ្ដល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍក្នុងមូលដ្ឋាន ប្រកបដោយចីរភាព និងមានប្រសិទ្ធភាព ដែលអាចលើកឡើងនៅមតិយោបល់សំណើសំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អ ដោយការអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់ឱ្យបានផុសផុល ព្រោះយើងទាំងអស់គ្នា ចង់បាននូវការផ្ដល់សេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈវេទិការនេះ ពិតជាមានសារសំខាន់បំផុតដល់អាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឱ្យបាននូវរាល់បញ្ហា ដែលប្រជាពលរដ្ឋលើកឡើង ហើយអាជ្ញាធរខេត្ត នឹងចូលរួមដោះស្រាយទាំងអស់គ្នាតាមស្ថានភាពជាក់ស្តែង ដូចជាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍន៍ និងការផ្ដល់សេវារដ្ឋបាលនានានៅតាមមូល
ដ្ឋាន ៕


ចែករំលែកព័តមាននេះ