រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខ២នាក់បានស្លាប់ក្រោមកង់រថយន្តដឹកអ្នកដំណើរមួយគ្រឿងយ៉ាងអាណោចអាធ័ម ខណៈជនរងគ្រោះទាំង២បានជិះម៉ូតូហុងដាវ៉េវ គេចពីរថយន្ដមួយគ្រឿង ក៏ជ្រុលទៅផ្លូវម្ខាងទៀត បុកចូលក្រោមរថយន្តប្រភេទដឹកអ្នកដំណើរអូសកិនពីក្រោមជាច្រើនម៉ែត្រ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ រីណា រ៉ាយុទ្ធ អាយុ១៥ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិព្រៃទំព័រ សង្កាត់ក្រាំងពង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នករួមដំណើរ និងម្នាក់ទៀតឈ្មោះ ជា ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខឯកជន ជាអ្នកបើកបរម៉ូតូ ស្នាក់កន្លែងធ្វើការ មានស្រុកកំណើត ខេត្តរតនៈគីរី ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LC-2346 ។
ចំណែករថយន្តប្រភេទដឹកអ្នកដំណើរមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ3G-5590 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជាសន្តិសុខឯកជន បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LC 2346 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៍បានគេចរថយន្តកុងតឺន័រមួយគ្រឿងដែលបើកចេញពីឃ្លាំង ទើបធ្វើអោយម៉ូតូជនរងគ្រោះជ្រុលទៅផ្លូវម្ខាងទៀត ក៏បុកជាមួយនិងរថយន្តប្រភេទដឹកអ្នកដំណើរ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង បុកអូសទាំងម៉ូតូនិងមនុស្សពីក្រោមរថយន្តជាច្រើនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះទាំង២បែកក្បាលហូរឈាមស្លាប់ក្រោយកង់រថយន្តយ៉ាងអាណោចអាធ័មតែម្ដង ។
ដោយឡែកខាងរថយន្តវិញ អ្នកបើកបរឃើញហេតុការណ៍បែបនេះ ក៍បានចុះរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពពីអ្នកធ្វើការជាមួយជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូថាទៅទិញស្បែកជើង មិនស្មានថាជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះសោះ ។
ក្រោយកើតហេតុ បន្ទាប់ពីទាក់ទងសាច់ញាតិបានហើយ សមត្ថកិច្ចក៍សម្រចធ្វើលិខិតប្រគល់សពអោយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ តាមនិតិវិធី ៕






ចែករំលែកព័តមាននេះ