រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ១គ្រឿង បានរេចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យខូចខាត និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ព្រមទាំងរលើងដើមផ្កាអស់ជាច្រើនគុម្ព ថែមទៀតផង បន្ទាប់មកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3G-8918 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយគេចខ្លួនបាត់ចោលរថយន្ត ។
ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុរថយន្ត ១គ្រឿង នោះបានបើកបរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យប៉ើងខូចខាត រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ ១ដើម និងបុកដើមផ្កាបាករលើងអស់៥គុម្ព។ ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅនាំយករថយន្ត១គ្រឿងនោះ ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ ៕








ចែករំលែកព័តមាននេះ