កម្ពុជា តវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះបានចេញសេចក្តីប្រកាសព័ត៌មាន…
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះបានចេញសេចក្តីប្រកាសព័ត៌មាន…
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។ ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភ យ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី ១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ។
ជារឿងមានសារៈសំខាន់ដែលត្រូវគូសបញ្ជាក់ថា សេចក្តីប្រកាសរួម ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមក ដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍ គាំពារ និងស្ដារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយ ។
នៅក្នុងបរិបទនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃ អនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣ របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ ៕


ចែករំលែកព័តមាននេះ