ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​៧៥​នាក់ សង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​រាជធានី​ភ្នំពេញ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្នុង​យុទ្ធនាការ​បោសសម្អាត​បទល្មើស​បច្ចេកវិទ្យា​ទូ​ទាំង​ប្រទេស គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ដោយ​បាន​ឃាត់ខ្លួន​ជនបរទេស​សរុប​ចំនួន ៧៥​នាក់…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​យុទ្ធនាការ​បោសសម្អាត​បទល្មើស​បច្ចេកវិទ្យា​ទូ​ទាំង​ប្រទេស គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ដោយ​បាន​ឃាត់ខ្លួន​ជនបរទេស​សរុប​ចំនួន ៧៥​នាក់ ដែល​សង្ស័យ​ថា​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាប់​ហាមឃាត់ ក្នុង​នោះ​សង្ស័យ​មានការ​លប​លួច​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​ពីរ រួម​មាន​៖ ១. ទីតាំង​សណ្ឋាគារ សេ​វេន ហេ​វិ​ន ស្ថិត​នៅ​ខណ្ឌ​៧​មក​រា ៖ ឃាត់ខ្លួន​បាន ចំនួន ៣៩ នាក់ (​ជនជាតិ​ប៉ា​គី​ស្ថាន​៖ ២៦ នាក់​, ជនជាតិ​ឥណ្ឌា ១១ នាក់ និង​ជនជាតិ​បង់​ក្លា​ដេ​ស ០២ នាក់ ) និង​ទី​២. ទីតាំង​ផ្ទះសំណាក់ C8 ស្ថិត​នៅ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន ៣៦ នាក់ ( ជនជាតិ​ឥណ្ឌា ២៥​នាក់ ក្នុង​នោះ​ស្រី្ត ០៤ នាក់​) និង​ជនជាតិ​បង់​ក្លា​ដេ​ស​ចំនួន ១១​នាក់​។

ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ស្រប​តាម​ខ្លឹមសារ​នៃ អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង រស់នៅ​ប្រមូលផ្តុំ និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

គួរ​រម្លឹក​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ចាប់ពី​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សរុប​បាន ៤​ទីតាំង នៅ​រាជធានី​ភ្នំពេញ ចំនួន​២​កន្លែង និង​ខេត្តបាត់ដំបង​២​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១២៣​នាក់​(​ស្រី្ត​៩​នាក់​) ក្នុង​នោះ​ជនជាតិ​ចិន ៤៦​នាក់​(​ស្រី្ត ៤​នាក់​) ស្ត្រី​ជនជាតិ​ឡាវ ១​នាក់​, ឥណ្ឌា ៣៦​នាក់​(​ស្រី្ត ៤​នាក់​), បង់​ក្លា​ដេ​ស ១៣​នាក់ និង​ប៉ា​គី​ស្ថាន ២៧​នាក់​។

លេខាធិការដ្ឋាន​បាន​លើក​ឡើង​ថា​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) បាន​បញ្ជាក់​ថា បើ​គិត​ពី​ថ្ងៃ​ទី​១​ខែមករា ដល់​ថ្ងៃ​ទី​១៦​ខែមករា ឆ្នាំ​២០២៦​វិញ ចុះ​បង្ក្រាប​សរុប​បាន ១៤​ទីតាំង នៅ​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១៦២ នាក់ ក្នុង​នោះ​ជនជាតិ​ចិន ៥០​នាក់​, កូរ៉េ​ខាងត្បូង​៣២​នាក់​, ឡាវ ១​នាក់​, ឥណ្ឌា ៣៦​នាក់​(​ស្រី្ត ៤​នាក់​), បង់​ក្លា​ដេ​ស ១៣​នាក់​, ប៉ា​គី​ស្ថាន ២៧​នាក់ និង​នេ​ប៉ា​ល់ ៣​នាក់​។ ដោយឡែក សំណុំរឿង​ជនជាតិ​នេ​ប៉ា​ល់ ៣​នាក់ នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធីតុលាការ ដោយ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ ដីកាឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ការ​អនុវត្ត​នីតិវិធី​តាម​ច្បាប់​។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ