រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថានឹងមិនបញ្ជូនប្រតិភូកីឡារបស់ខ្លួនឱ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃដែលនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើបានឱ្យដឹងថា ការសម្រេសចចិត្តដ៏លំបាកនេះបានផ្អែក
ទៅលើហេតុផលមួយចំនួនរួមមាន កង្វល់ធ្ងន់ធ្ងរផ្នែងសុវត្ថិភាព និងសន្តិសុខ ។ ដោយមិនមានអំណោយផលគ្រប់គ្រាន់សម្រាប់ធានានូវសុវត្ថិភាពជូនដល់ប្រតិភូកីឡាកម្ពុជាបានឡើយ។ ជាមួយ
ជម្លោះព្រំដែននៅតែបន្ត និងបន្តបិទច្រកព្រំដែននានា ព្រមទាំងករណីអសន្តិសុខដែលបានកើត
ឡើងដោយការបាញ់ប្រហារមកលើប្រជាជនកម្ពុជាពីសំណាក់កងកម្លាំងយោធាថៃ ដែលផ្ទុយ
ពីទង្វើស្មារតីមនុស្សធម៌ និងកិច្ចព្រមព្រៀងសន្តិភាព។
ក្នុងនាមជាអ្នកតំណាងឱ្យជាតិនិងប្រជាជនកម្ពុជា ការចូលរួមនៅក្នុងស្ថានភាពដែលពលរដ្ឋខ្មែរមួយចំនួនកំពុងទទួលនូវការឈឺចាប់និងការបាត់បង់ជីវិតដោយសារសកម្មភាពនៅតាមបណ្ដោយព្រំដែន គឺជារឿងដែលមិនអាចទទួលយកបានទាំងផ្នែកសីលធម៌ និងស្មារតីជាតិ ។ ការចូលរួមប្រកួតកីឡានៅពេលនេះជាការមើលរំលងនូវការឈឺចាប់របស់ប្រជាជាតិទាំងមូល ។ ទន្ទឹមជាមួយគ្នានេះដែរ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា សូមប្រកាសជាឱឡារិកថាគ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់ដែលធ្វើឡើងនៅលើទឹកដីថៃក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺត្រូវបានចាត់ទុកថាមិនចូលរួមជាដាច់ខាត ព្រមទាំងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ផងដែរ។
សេចក្ដីបញ្ជាក់នៅក្នុងខ្លឹមសារនោះទៀតបានសង្កត់ធ្ងន់ថា ទោះបីមានកីឡាករ-កីឡាការិនីប៊ីយ៉ាកម្ពុជាណាម្នាក់ទៅចូលរួមប្រកួតនៅប្រទេសថៃដោយខ្លួនឯង សហព័ន្ធនឹងមិនទទួលខុសត្រូវឡើយ។ ព្រោះអីបុគ្គលទាំងនោះមិនតំណាងឱ្យជាតិនិងសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជានោះទេ។
សហព័ន្ធនឹងធ្វើការពិចារណាឡើងវិញជុំវិញការធ្វើពហិការនេះ លុះត្រាតែមានការធានាលើផ្នែកសន្តិសុខ និងសុវត្ថិភាពពេញលេញ១០០ភាគរយ និងស្ថានការណ៍ទូទៅតាមព្រំដែនរវាងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងវិញទាំងស្រុង ៕
ចែករំលែកព័តមាននេះ