ខេត្តព្រៃវែង ៖ ត្រីទន្លេជាច្រើនប្រភេទ ត្រូវបានប្រជានេសាទប្រមូលយកមកលក់ នៅមាត់ទន្លេខាងមុខផ្សារក្រុងព្រៃវែង ក្នុងមួយថ្ងៃៗរាប់ពាន់គីឡូ ធ្វើអោយប្រជាពលរដ្ឋនៅក្រុងព្រៃវែងសប្បាយចិត្ត ព្រោះបានត្រីទន្លេហូបឆ្ងាញ់ ជាងត្រីចិញ្ចឹម ។
ប្រជាពលរដ្ឋ ដែលមកទិញត្រីនៅទីតាំងខាងលើនេះ បានអោយដឹងថា ឆ្នាំនេះដោយសារតែទឹកធំ ធ្វើអោយសម្បូរត្រីជាងឆ្នាំមុនៗ ហើយតម្លៃត្រីក៏សមរម្យដែរ ដូច្នេះពួកគាត់មិនត្រឹមតែទិញទុកហូបប្រចាំថ្ងៃនោះទេ ថែមទាំងទិញទុកធ្វើប្រហុកផ្អកទៀតផង ។
ចំណែកប្រជានេសាទ ដែលបានយកត្រីមកលក់ ក៏បានអោយដឹងដែរថា ឆ្នាំនេះពួកគាត់រកត្រីបានច្រើនជាងឆ្នាំមុន ព្រោះទឹកធំ ត្រីដែលពួកគាត់នេសាទបានមានច្រើនប្រភេទ តែត្រីដែលសម្បូរជាងគេ គឺត្រីឆ្កែង កាឡាំងហាយ ត្រីលិញ និងត្រីចង្វារ ។
លោក អូន ស៊ីណាត នាយខណ្ឌជលផលខេត្តព្រៃវែង បានអោយដឹងថា ឆ្នាំនេះត្រីសម្បូរ បើគិតពីខែមករា មកដល់ចុងខែតុលា ប្រជានេសាទនៅក្នុងសហគមន៍នេសាទទាំង ២៨សហគមន៍ ទូទាំងខេត្តព្រៃវែង នេសាទត្រីបានជាង១៨តោន ដោយឡែកសម្រាប់ខែវិច្ឆិកានេះ នេសាទបានជាង៥តោនហើយ តួលេខនេះមិនបូកបញ្ចូលប្រជាពលរដ្ឋ ដែលនេសាទបានជាលក្ខណះគ្រួសារនោះទេ ៕







ចែករំលែកព័តមាននេះ