អាមេរិក-អ៊ីរ៉ង់ ៖ ទីបញ្ជាការដ្ឋានកងទ័ពអាមេរិក នៅមជ្ឈឹមបូព៌ារាយការណ៍ថា យន្តហោះបំបាំងកាយអាមេរិកមួយគ្រឿង កាលពីថ្ងៃទី៣ កុម្ភៈ បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់មួយគ្រឿងដែលហោះទៅក្បែរនាវាផ្ទុកយន្តហោះអាមេរិកក្នុងសមុទ្រអារ៉ាប៊ី ពេលដែលនាវាចម្បាំងអាមេរិកមួយកង កំពុងធ្វើដំណើរមកកាន់តំបន់ឈូងសមុទ្រពែរ្ស៍ ។

ទោះបីជាមានឧប្បត្តិហេតុនេះក្ដី ក៏ការជួបពិភាក្សាគ្នា រវាងបេសកជនពិសេសអាមេរិកលោកSTEVE WITKOFF និងបណ្ដាអ្នកទទួលខុសត្រូវអ៊ីរ៉ង់ សម្រាប់ពេលនេះនៅតែគ្រោងធ្វើ ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រីការ៉ូ លីនលីវីត កាលពីថ្ងៃទី៣ កុម្ភៈ ។
ក្នុងសេចក្ដីប្រកាសមួយអ្នកនាំំពាក្យរបស់ទីបញ្ជាការដ្ឋានយោធានោះម្នាក់ថ្លែងថា យន្តហោះប្រយុទ្ធធុនF- 35Cមួយគ្រឿង របស់នាវាផ្ទុកយន្តហោះALBRAM LINCOLN បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់មួយជាកិច្ចការពារស្របច្បាប់ និងដើម្បីការពារនាវាផ្ទុកយន្តហោះ និងបណ្ដាបុគ្គលិកនាវានោះ។ ដ្រូននេះ ត្រូវបានបាញ់ទម្លាក់នៅចម្ងាយ៨០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រអ៊ីរ៉ង់ ពេលកំពុងហោះបន្តសំដៅនាវា ក៏ទោះបីជាមានវិធានការកាត់បន្ថយភាពតានតឹងរបស់កងទ័ពអាមេរិកក្ដី ។
្នកនាំពាក្យរូបនោះក៏អះអាងដែរថា នាវាប្រដាប់អាវុធអ៊ីរ៉ង់២គ្រឿង និងដ្រូន១គ្រឿង បានមកក្បែរនាវាដឹកប្រេង១គ្រឿងដោតទង់ជាតិអាមេរិក គឺនាវាឈ្មោះSTENA IMPERATIVE ដែលកំពុងបើកលឿន ហើយគំរាមឡើងលើនាវានោះ និងចាប់ ។ នាវាពិឃាតអាមេរិកមួយគ្រឿងបានជួយនាវាដឹកប្រេងនេះ ជាមួយការជួយទ្រទ្រង់របស់កងទ័ពអាកាស ហើយអមការពារនាវានេះផុតពីគ្រោះថ្នាក់ ។
អ៊ីរ៉ង់កំពុងស្ថិតក្រោមការគាបសង្កត់ខ្លាំងរបស់សហរដ្ឋអាមេរិកដែលគំរាមវាយប្រហារ បន្ទាប់ពីការបង្ក្រាបដោយបង្ហូរឈាមបាតុកម្មតវ៉ាបះបោរ ។ អាមេរិកទាមទារឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ហើយតែងលើកជាប់ថា មិនបដិសេធការជ្រើសរើសខាងយោធាមួយ តែលើកឡើងថា ចង់ស្វែងរកកិច្ចព្រមព្រៀងមួយជាមួយក្រុងតេហេរ៉ង់ ៕
ចែករំលែកព័តមាននេះ