យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទឹកដូងគឺជាភេសជ្ជៈដ៏វិសេសវិសាលដែលផ្ដល់ភាពត្រជាក់ និងជួយបង្កើនថាមពលភ្លាមៗ ដោយសារវាសម្បូរទៅដោយវីតាមីន រ៉ែខនិក និងអេឡិចត្រូឡីតសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។
វាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញជាតិទឹកដល់រាងកាយក្រោយពេលហាត់ប្រាណ ឬក្នុងអាកាសធាតុក្ដៅ ព្រមទាំងជួយសម្រួលសម្ពាធឈាម និងធ្វើឱ្យស្បែកមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញថាអាចផឹកទឹកដូងជំនួសទឹកស្អាតធម្មតាបានទាំងស្រុងនោះ គឺជាការយល់ខុសដែលអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
មូលហេតុដែលមិនគួរផឹកទឹកដូងជំនួសទឹកស្អាត គឺដោយសារកំហាប់ប៉ូតាស្យូមដ៏ខ្ពស់របស់វា ដែលការទទួលទានច្រើនហួសប្រមាណអាចបណ្ដាលឱ្យលើសជាតិប៉ូតាស្យូមក្នុងឈាម នាំឱ្យចុះសម្ពាធឈាមខ្លាំង និងជះឥទ្ធិពលអាក្រក់ដល់មុខងារតម្រងនោម។ លើសពីនេះ ទឹកដូងមានផ្ទុកជាតិកាបូអ៊ីដ្រាត និងស្ករធម្មជាតិ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែម និងអាចបង្កជាបញ្ហាប្រព័ន្ធរំលាយអាហារសម្រាប់អ្នកដែលមានរោគសញ្ញាពោះវៀនមិនប្រក្រតី។
ជារួម លោកអ្នកអាចរីករាយនឹងការទទួលទានទឹកដូងក្នុងបរិមាណសមល្មមដើម្បីសុខភាព ប៉ុន្តែទឹកស្អាតធម្មតានៅតែជាជម្រើសចម្បងដែលមិនអាចខ្វះបានសម្រាប់រាងកាយ។ សម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬជាតិប៉ូតាស្យូមក្នុងឈាមខ្ពស់ស្រាប់ គួរចៀសវាងការទទួលទានទឹកដូង ឬត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន ដើម្បីរក្សាសុវត្ថិភាពដល់សុខភាព៕
ចែករំលែកព័តមាននេះ