ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី នៃកងកម្លាំងចម្រុះ រួមជាមួយមន្ត្រីឧទ្យានុរក្សបរិស្ថាន ប្រចាំការនៅទីបញ្ជាការស្រាលតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក បានទៅត្រួតពិនិត្យទីតាំងកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិពីសំណាក់ជនល្មើស នៅចំណុចត្រពាំងកន្សែង និងត្រពាំងតាយស់ នៅតំបន់ព្រៃសហគមន៍អូរបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោក ហួត តូ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រចាំការនៅតំបន់ជាំក្របី បានបញ្ជាក់ថា ដោយកន្លងទៅនេះ កម្លាំងកងទ័ពមួយចំនួន ត្រូវបានកែសម្រួលទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយកម្លាំងបរិស្ថាន ត្រូវបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានចំនួនតិច ផ្ទៃដីធំទូលាយ ធ្វើឲ្យជនល្មើសមានឱកាសលួចកាប់ទន្ទ្រាន ព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ នៅតំបន់ត្រពាំងកន្សែង និងតំបន់ត្រពាំងតាយស់ ដែលនៅតំបន់ទាំងពីរចំណុចនេះ មានប្រមាណ ៣ហិកតា ពីសំណាក់ជនខិលខូចចំនួន ២គ្រួសារ ដែលត្រូវកងកម្លាំងចម្រុះ នៃទីបញ្ជាការស្រាលបានកំណត់មុខសញ្ញារួចហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី ទៅកាន់តុលាការ ធ្វើការបន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលកន្លងទៅកងកម្លាំងចម្រុះខិតខំគ្រប់គ្រងការពារក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ដែលត្រូវរងការកាប់ទន្ទ្រាន ក្នុងរយៈពេលដ៏ខ្លី ពីសំណាក់ជនខិលខូច ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីប្រយោជន៍សង្គមជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជំរុញដល់ស្ថាប័នជំនាញ ត្រូវរួសរាន់កសាងសំណុំរឿងចំពោះមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ នឹងត្រូវរឹបអូសយកផ្ទៃដី ដែលបានកាប់កន្ទ្រានរួចហើយ ទុកជាសម្បត្តិរដ្ឋ ឲ្យបានជាដាច់ខាត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរដែនដីស្រុក ឃុំ ភូមិ រួមជាមួយប្រជាពលរដ្ឋ សូមមេត្តារួមគ្នាជួយថែរក្សាធនធានធម្មជាតិរបស់យើង ដែលកំពុងរងការបំផ្លិចបំផ្លាញ ឱ្យនៅគង់វង្សទុកជាសម្បត្តិធម្មជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត ៕





ចែករំលែកព័តមាននេះ