រាជធានីភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ ជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ ។
ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ដោយសារតែភាគីទាំងពីរ មិនទាន់រកឃើញ នូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នា ដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។
គួររម្លឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស ៕






ចែករំលែកព័តមាននេះ