ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហ៊ាន​មែន​! ស្ត្រី​ម្នាក់​ចូល​មក​រំដោះ​អ្នក​ទោស​០៦​នាក់​ចេញពី​ក្នុង​តុលាការ​ខេត្តស្វាយ​រៀង សមត្ថកិច្ច​តាម​បង្ក្រាប​ចាប់​បាន​ម្នាក់​មក​វិញ

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​៨​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មានការ​ផ្ទុះអាវុធ​បាញ់​ដាក់​គ្នា​មួយ​ប្រាវ រវាង​កម្លាំង​សមត្ថកិច្ច ជាមួយ​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ…

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​៨​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មានការ​ផ្ទុះអាវុធ​បាញ់​ដាក់​គ្នា​មួយ​ប្រាវ រវាង​កម្លាំង​សមត្ថកិច្ច ជាមួយ​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​អ្នកទោស​ដែល​ជា​មេ​ក្លោ​ង​បាន​ម្នាក់​ត្រឡប់​មក​វិញ​ហើយ ខណៈ​បក្ខពួក​ផ្សេង​ទៀត​ដែល​ជា​អ្នកទោស និង​អ្នក​មក​រំដោះ​បន្ដ​រត់គេច​ខ្លួន​នៅឡើយ។


សេចក្ដីរាយការណ៍​ពី​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​អ្នកទោស​ជនជាតិ​វៀតណាម ដែល​ត្រូវ​បាន​បក្ខពួក​មក​រំដោះ​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង​នោះ ទាំង​កម្លាំង​អនុរក្ស​ពន្ធនាគារ កម្លាំង​នគរបាល និង​អាវុធហត្ថ បាន​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ដល់​ដល់​ការ​ចាប់ខ្លួន​អ្នកទោស​វិញ​បាន​ម្នាក់ ដែល​ជា​មេខ្លោង រួម​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​សម្រាប់​ពួក​គេ​ជិះ​គេចខ្លួន​នៅ​ពេល​រំដោះ​។

សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​អះអាង​ថា អ្នកទោស​៦​នាក់ ដែល​ត្រូវ​បាន​រំដោះ​ទាំង​ព្រឹក​នៅ​ពេល​បញ្ជូន​ទៅ​បន្ដ​នីតិវិធី​នៅ​តុលាការ​នេះ សង្ស័យ​ពួក​គេ​ពាក់ព័ន្ធ​ករណី Scam Online ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន​បាន​កាលពី​ពេល​កន្លង​ទៅ​។​ចំណែក​ប្រភព​ពី​សមត្ថកិច្ច​ផ្សេង​ទៀត​បាន​ផ្តល់​ព័ត៌មាន​ហាក់ដូចជា​បញ្ច្រាស់​គ្នា​ថា ជនសង្ស័យ​ដែល​ត្រូវ​រំដោះ​ជា​ជនជាតិ​ចិន​ជាប់​ពាក់​ព​ន្ធ័​ពី​បទ​ជួញដូរ​គ្រឿងញៀន និង​ជួញដូរ​អាវុធ​ខុសច្បាប់​។

ផ្អែក​តាម​រូបភាព​ដែល​បាន​បង្ហាញ​ដោយ​វី​ដេ​អូ​ចេញពី​កាមេរ៉ា​សុវត្ថិភាព នៅ​បរិវេណ​សាលាដំបូង​ខេត្តស្វាយរៀង​បានឱ្យ​ឃើញ​ថា មុន​ពេល​មន្ដ្រី​ពន្ធនាគារ​បញ្ជូន​មក​ដល់​សាលាដំបូង​ខេត្ត គេ​ឃើញ​ស្ដ្រី​ម្នាក់​ស្លៀកពាក់​ខោអាវ​ខ្មៅ និង​មាន​ពាក់​ម៉ាស ដើរ​ចូល​មក​កន្លែង​ចំណតរថយន្ដ​ដែល​មន្ដ្រី​ពន្ធនាគារ និង​ឲ្យ​អ្នកទោស​ទាំងអស់​នោះ​ចុះ​ពី​រថយន្ដ ។ ឈរ​មួយសន្ទុះ​នៅ​ពេល​រថយន្ដ​ដឹក​អ្នកទោស​មក​ដល់ ហើយ​ស្ដ្រី​ខាងលើ​ក៏​បាន​ដើរទៅ​ក្បែរ​ទ្វារ​ចុះ​។

ក្នុងអំឡុងពេល​ឈរ​ក្បែរ​គ្នា អ្នកទោស​ម្នាក់​ទំនងជា​មេ​ក្លោ​ង​ដែល​ដឹង​ផែនការ​ច្បាស់ បាន​ឆ្លៀត​ឆក់​កាំភ្លើងខ្លី​មួយ​ដើម​ពី​ស្ដ្រី​ខាងលើ ដែល​បាន​ត្រៀម​រៀបចំ​រួចរាល់ និង​បាន​បាញ់​រះ​មក​លើ​សមត្ថកិច្ច​ដែល​ឈរ​ការពារ រួច​រត់​ចេញ​ទៅ​ក្រៅ​ឡើង​រថយន្ដ​ដែល​ពួក​គេ​បាន​ត្រៀម​រៀបចំ​រួចរាល់ ដើម្បី​ជិះ​គេចខ្លួន​តែ​ម្ដង​។ នៅ​ពេល​នោះ សមត្ថកិច្ច​ក៏​បាន​បាញ់​ដើម្បី​ការពារ​ខ្លួន និង​បញ្ឈប់​សកម្មភាព​ក្រុម​ឧក្រិដ្ឋជន​នោះ​ដែរ ប៉ុន្ដែ​មិន​អាច​បញ្ឈប់​បាន​។

រំលង​បាន​ប៉ុន្មាន​ម៉ោង សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ស្ទាក់​ចាប់​បាន​រថយន្ដ​ដែល​ឧក្រិដ្ឋជន​ជិះ​រត់គេច​ខ្លួន​មួយ​គ្រឿង ក្នុង​ចំណោម​រថយន្ដ​ពីរ​គ្រឿង​។ រថយន្ដ​នោះ​បាន​បើក​ធ្លាក់​ស្រែ ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នកទោស​ម្នាក់​ត្រឡប់​មក​វិញ​ផង​ដែរ ។ ដោយឡែក អ្នកទោស​៥​នាក់​ផ្សេង​ទៀត រួម​ទាំង​ស្ដ្រី​ដែល​មក​រំដោះ​នោះ នៅ​បន្ដ​រត់គេច​សមត្ថកិច្ច​ចាប់​មិន​ទាន់​បាន​នៅឡើយ​ទេ​។

យ៉ាងណាមិញ ក្នុង​ហេតុការណ៍​រំដោះ​អ្នកទោស​នេះ មិន​បណ្ដាល​ឲ្យ​សមត្ថកិច្ច​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ពេល​បាញ់​តដៃ​គ្នា​នោះ​ទេ ៕

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ