ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំព្រៃតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះនៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ ។

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ត ។


បើតាមការបែកធ្លាយករណី លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោក ករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត ។
ដោយទាមទាឲ្យជនរងគ្រោះយកលិខិតលក់ទិញម៉ូតូលិខិតទិញម៉ូតូនៅឆ្នាំ២០១៣ លោកឲ្យយកលិខិតឯកសារថ្មី បច្ចុប្បន្នទៅវិញសួរកកាតគ្រីម៉ូតូ ជនរងគ្រោះបានប្រាប់ថា ម៉ូតូទិញបង់រំលោះកាតគ្រី ម្ចាស់ហាងលក់ម៉ូតូគេដកទុក គឺមានតែស្លាកលេខ ។ បែរជាលោកមេប៉ុស្តិ៍ ទៅសួរដេញដោលជនរងគ្រោះ នៅឯណា? កាលពីឆ្នាំ២០១៣ ជនរងគ្រោះប្រាប់ថា កាលណោះគាត់នៅឯស្រុកកំណើត ស្រុកចន្ទ្រា ។
លោកមេប៉ុស្តិ៍សួររក អ៊ីតាស៊ីវិល សំបុត្របញ្ជាក់អាពាហ៌ពិពាហ៌ ធ្វើឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធហួសចិត្ត ដោយលោកមេប៉ុស្តិ៍និយាយសំឡុតជនរងគ្រោះ ជនរងគ្រោះបានតូចចិត្តបាត់ម៉ូតូចោរលួចមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បែរជាលោកមេប៉ុស្តិ៍សំឡុតសួរដូចជា ជនរងគ្រោះជាអ្នកប្រព្រឹត្តបទល្មើសទៅវិញធ្វើឲ្យស្ត្រីរងគ្រោះយំ ហើយបុរសជាប្តីបានប្រាប់លោកមេប៉ុស្តិ៍ថា កុំសំឡុតប្រពន្ធខ្ញុំ នាងមានផ្ទៃពោះ ។ ដោយនិយាយមិនយល់គ្នា ជនរងគ្រោះបានលាទៅផ្ទះវិញលែងប្តឹង ។ លុះព្រឹកឡើង លោកមេប៉ុស្ត៍ព្រៃតាអី បានទៅសុំទោសជនរងគ្រោះដល់ផ្ទះដោយប្រាប់ថា ល្ងាចមិញពូស្រវឹង ។
មហាជនលើកឡើងថា កន្លងមក សមត្ថកិច្ចមូលដ្ឋានមួយចំនួន ពេលប្រជាពលរដ្ឋទទួលរងចោរកម្មលួចទ្រព្យសម្បត្តិ លួចម៉ូតូ រត់ទៅប្តឹងដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍បន្ទាន់សមត្ថកិច្ចមកសួរនាំរួច ហើយឲ្យជនរងគ្រោះសរសេរពាក្យបណ្តឹងយកទៅដាក់ប៉ុស្តិ៍រដ្ឋបាលសិន ចាំសមត្ថកិច្ចរាយការណ៍ទៅថ្នាក់លើ និងរង់ចាំថ្នាក់លើដាក់បទបញ្ជាទើបដឹកនាំកម្លាំងចុះស្រាវជ្រាវអន្តរាគមន៍ ។
មហាជនសំណូមពរករណីបន្ទាន់ គួរណាស់ សមត្ថកិច្ចសាកសួរព័ត៌មានសង្ខេប ហើយជួយអន្តរាគមន៍ចំពោះការសរសេរពាក្យបណ្តឹង ប្រជាពលរដ្ឋភាគច្រើនមិនចេះសរសេរពាក្យបណ្តឹងទេ សូមឲ្យសមត្ថកិច្ចមូលដ្ឋាន គួរសម្របសម្រួលជួយសរសេរពាក្យបណ្តឹង ឬមានទម្រង់ពាក្យបណ្តឹង និងសួររឿងហេតុពីជនរងគ្រោះ ហើយជួយបំពេញពាក្យបណ្តឹងឲ្យជនរងគ្រោះ ។
ទោះបីយ៉ាងណា ករណីលោកមេប៉ុស្តិ៍ព្រៃតាអី លោកស្នងការ នៃស្នងការខេត្តស្វាយរៀងដែលបានបញ្ជាបញ្ឈរជើងលោកមេប៉ុស្តិ៍ហើយដាក់វិន័យរដ្ឋបាល ៕
ចែករំលែកព័តមាននេះ