ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ី ឈាន​ ​ថា៖ នៅ​ខេត្ត​ប៉ៃលិន​មិន​ឡើង​កម្ដៅ​​ខ្លាំង ប៉ុន្តែ​កងកម្លាំង​រង់​ចាំ​ទទួល​បទបញ្ជា​ពី​រដ្ឋាភិបាល​២៤​ម៉ោង​លើ​២៤​ម៉ោង

6 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស​បាន​ថ្លែង​បញ្ជាក់​ថា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិនមិន​ទាន់​មាន​ឡើង​កម្ដៅ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ ដូច្នេះ ​កងកម្លាំង​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​ដដែល…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស​បាន​ថ្លែង​បញ្ជាក់​ថា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិនមិន​ទាន់​មាន​ឡើង​កម្ដៅ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ ដូច្នេះ ​កងកម្លាំង​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​ដដែល ប៉ុន្តែ​រង់ចាំ​ស្ដាប់​ទទួល​បទបញ្ជា​ពី​រដ្ឋាភិបាល និង​អគ្គមេបញ្ជាការ ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ និង​ប្រពល​រដ្ឋ​កម្ពុជា​។

ឯកឧត្តម អ៊ី ឈាន ដែល​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពេល​ដែល​ឯកឧត្តម និង​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន កាល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន ដែល​ធ្លាប់​មានបទពិសោធន៍​ដ៏​ស្ទាត់ជំនាញ​ទៅ​លើ​ការ​បញ្ជា​កងទ័ព​នៅ​ខេត្ត​ប៉ៃលិន ក៏​បាន​ថ្លែង​លើក​ដូច្នេះ​ថា ៖ «​បច្ចុប្បន្ន​នេះ សភាព​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន មាន​ស្ថានភាព​ធម្មតា និង​ល្អ​ប្រសើរ ដោយ​មិន​មាន​ឡើងក​ម្តៅ​ខ្លាំង ដូច​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​នានា​មួយ​ចំនួន ដូច​ជា​ខេត្តព្រះវិហារ​, ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​នោះ​ទេ​។

ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បាន​រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ គឺ​រង់ចាំ​ស្តាប់​នូវ​បទបញ្ជា និង​គោលការណ៍​ពី​ថ្នាក់លើ គឺ​មេបញ្ជាការ និង​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ និង​ត្រៀមលក្ខណៈ​សម្បត្តិ​រួច​ជា​ស្រេច សម្រាប់​បេសកកម្ម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​ខ្មែរ​​»​។

ប្រភព​ដដែល​បាន​បន្ថែម​ថា នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន បាន​បណ្ដុះ​ទឹកចិត្ត​ស្នេហា​ជាតិ និង​ត្រូវ​ហ៊ាន​ពលី​បូជាជីវិត ដើម្បី​ការពារ​ជាតិ និង​ទឹកដី​របស់​ខ្លួន​ឱ្យ​បាន​គង់​វង់ ខណៈ​ដែល​ខ្មាំងសត្រូវ​កំពុង​តែ​ធ្វើការ​ឈ្លានពាន​ឥត​ឈប់​ឈរ​ ។

នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន បាន​សង្កត់ធ្ងន់​ដែរ​ថា ៖ « បើ​ជាតិ​មាន​ឧបសគ្គ យើង​ជា​មេទ័ព ត្រូវ​តែ​ហ៊ាន​លះបង់​បូជាជីវិត​មុន​យុវជន​របស់​យើង ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ ការ​ស្នេហា​ជាតិ ស្នេហា​មាតុភូមិ ទឹកដី​របស់​យើង​ឱ្យ​បាន​គង់​វង់​ដរាប​តទៅ​។ ខ្ញុំ​សុខចិត្ត​ស្លាប់​មុន​ជាតិ ដើម្បី​ជាតិ​មាន​សេចក្ដីសុខ ព្រោះ​បើ​ជាតិ​ស្លាប់​មុន​យើង តើ​យើង​រស់នៅ​មាន​តម្លៃ​អ្វី​ទៀត?»​។

ប្រភព​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​នាយទាហាន និង​ពល​ទាហាន គ្រប់​បណ្ដា​អង្គ​ភាព​ទាំងអស់​សម្រេច​បាន ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ និង​ប្រជាជន ជា​ពិសេស​ចំពោះ​វីរភាព​យ៉ាង​អង់អាច​ក្លាហាន ស្មោះត្រង់ លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ការ​ខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​ឱ្យ​រស់រាន​មានជីវិត​ល្អ​ប្រសើរ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ការ​កសាង​នូវ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​រឹង​មាំ​នានា​ជា​ច្រើន​ទៀត ដើម្បី​បុព្វហេតុ​បម្រើ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ទុកជា​កេ​រ្ត៍​ប្រវត្តិសាស្ត្រ ជូន​កូនចៅ​ជំនាន់​ក្រោយ​។

ហើយ​ក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន និង​លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​ផ្តល់​អំណោយ​រថយន្ត​ចំនួន​០៣​គ្រឿង ទោចក្រយានយន្ត ចំនួន​២១​គ្រឿង រួម​ទាំង​សម្ភារៈ​បរិក្ខា ស្បៀងអាហារ និង​ថ​រិ​កា ជូន​ដល់​បណ្តា​អង្គភាព​កងកំលាំង​ជួរ​មុខ ដែល​កំពុង​តែ​ឈរជើង​ការពារ​បូរណ​ភាព​ទឹកដី នៅ​តាម​បន្ទាត់​ព្រំដែន និង​កម្លាំង​ចល័ត អន្តរាគមន៍​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន គ្រប់​អង្គភាព នៃ​កងកម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ខេត្ត​ប៉ៃលិន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ