ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីធ្វើការឃាត់ខ្លួន ខណៈដែលខឹងរឿងទារលុយជនរងគ្រោះមិនបានទាញប៉ែលវាយបណ្តាលឱ្យរងរបួសប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីឃាត់ខ្លួនតែម្តង ។ ការឃាត់ខ្លួនជនដៃដល់បានធ្វើឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រីអាវុធហត្ថស្រុកគងពិសីបាននិយាយឱ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនមានឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះមានឈ្មោះ វុធ ថៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នស្នាក់ភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ ង៉ែត ថន ហៅ យុ បានមកទារលុយពីជនរងគ្រោះ ជំពាក់ចំនួន១១០០០០រៀល (ដប់មួយម៉ឺនរៀល) ដែលជំពាក់បីខែមកហើយ ជនសង្ស័យបានឲ្យជនរងគ្រោះចេញពីបន្ទប់ ហើយសួរថា មានលុយសងអញអត់ ជនរងគ្រោះបានប្រាប់ថាអញអត់មានទេ បើទៅខ្ចីលុយអុំក៏យប់ហើយដែរ ។
ភ្លាមៗនោះ ជនដៃដល់ក៏បានដើរទៅយកប៉ែលដាក់ក្បែរខ្លួន ហើយសួរជនរងគ្រោះម្តងទៀតថាមានសងលុយអញអត់ ជនរងគ្រោះឆ្លើយថាអញអត់មានទេ ស្រាប់តែជនដៃដល់ក៏បានយកប៉ែលវាយទៅលើជនរងគ្រោះ ត្រូវចំនួន០៥ប៉ែល (ត្រូវចំក្បាលពីខាងក្រោយ ចំស្នងដៃឆ្វេង ចំស្នងដៃស្តាំ ខ្នងប្រអប់ដៃឆ្វេង និងស្មាខាងឆ្វេងពីខាងក្រោយ)។ ពេលនោះ ជនដៃដល់ ក៏បានយកទូរស័ព្ទរបស់ជនរងគ្រោះបោកចោល ហើយយកប៉ែលមកវាយកម្ទេចបន្ថែមទៀតបណ្តាលឱ្យរងការខូចខាត ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់ក៏បានជិះម៉ូតូ គេចខ្លួនចេញទៅបាត់ ។ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីជួយរកយុត្តិធម៌។
មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសីបាននិយាយបន្តថា លុះរហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកBeat ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាក ភ្នំពេញ 1W-0487 ទូរស័ព្ទដៃ០១គ្រឿង ម៉ាកRedmi កាតបុគ្គលិកចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹកផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យដៃដល់រួមជាមួយ និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ