ទីក្រុងប៉េកាំង៖ ប្រទេសចិនបញ្ចេញប្រតិកម្មតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ ដែលថាជប៉ុនអាចនឹងត្រូវបង្ខំចិត្តធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ បើកោះនេះរងការវាយប្រហារពីកងទ័ពចិន។ ក្រសួងការពារជាតិចិនបានផ្ញើសារនយោបាយឆ្លើយតបទៅវិញថាជប៉ុននឹងត្រូវកងទ័ពចិនវាយកម្ទេចជាមិនខានបើហ៊ានប្រើកងទ័ពទៅជួយតៃវ៉ាន់។

ក្រោយការថ្លែងសុន្ទរកថារបស់លោកស្រីតាកាអ៊ីឈិនៅក្នុងរដ្ឋសភាកាលពីសប្ដាហ៍មុន សង្គ្រាមពាក្យសម្ដីរវាងប្រទេសទាំង២ក៏ចាប់ផ្ដើមផ្ទុះឡើងជាហូរហែ។ ប្រទេសចិនទើបតែកោះហៅឯកអគ្គរាជទូតជប៉ុនទៅឆ្លើយបំភ្លឺ និងបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះពាក្យសម្ដីនោះ។ លោកស្រីតាកាអ៊ីឈិថ្លែងថាបើសិនកងទ័ពចិនវាយប្រហារតៃវ៉ាន់ ពេលនោះនឹងធ្លាក់ចូលទៅក្នុងស្ថានភាព «តស៊ូដើម្បីការរស់រានមានជីវិត ឬត្រូវរស់នៅក្រោមការគំរាមកំហែង»។ ហេតុនេះ ជប៉ុនត្រូវធ្វើអន្តរាគមន៍យោធា។

អគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកាបានបង្ហោះអត្ថបទព័ត៌មាននៅលើបណ្ដាញអ៊ិចពាក់ព័ន្ធនឹងបទអត្ថាធិប្បាយរបស់លោកស្រីតាកាអ៊ីឈិ។ អត្ថបទនោះសរសេរថា «បើនរណាហ៊ានលូកកត្រូវតែដាច់ក»។ ក្រោយការបង្ហោះអត្ថបទនោះ ស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំងសម្ដែងការកើតទុក្ខមិនសុខចិត្តនៅចំពោះមុខអនុរដ្ឋមន្ត្រីចិន លោកស៊ុនវៃតុង (Sun Weidong)។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកជាំងពីន (Jiang Bin) ថ្លែងថាពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិគ្មានការទទួលខុសត្រូវ និងពោរពេញដោយគ្រោះថ្នាក់។ បើជប៉ុនមិនព្រមសិក្សាមេរៀនពីប្រវត្តិសាស្ត្រ ហើយនៅតែចង់ប្រថុយប្រថាននៅក្នុងបញ្ហានេះ ឬរហូតដល់ចង់ប្រើកម្លាំងយោធាចូលធ្វើអន្តរាគមន៍នៅតៃវ៉ាន់ ពេលនោះពួកគេនឹងត្រូវកម្ទេចក្រោមទម្ងន់ដៃរបស់កងទ័ពប្រជាជនចិនដែលមានឆន្ទៈរឹងមាំដូចដែកថែប ហើយនឹងប្រឈមនឹងការខាតបង់ដ៏ធ្ងន់ធ្ងរជាមិនខានឡើយ។

សភាពការណ៍ចាប់ផ្ដើមតានតឹងរវាងចិន និងជប៉ុន។ ថ្ងៃនេះ ក្រសួងការបរទេសចិនសម្ដែងការខ្វាយខ្វល់យ៉ាងខ្លាំងនៅពេលជប៉ុនចាប់ផ្ដើមកែសម្រួលនយោបាយការពារជាតិ និងសន្តិសុខជាតិរបស់ខ្លួន។ ក្នុងនោះក៏មានការចង់ងាកចេញពីគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីនចៀន (Lin Jian) ថ្លែងថាការដែលជប៉ុនមិនបដិសេធនូវលទ្ធភាពនៃការទិញនាវាមុជទឹកនុយក្លេអ៊ែរនាពេលអនាគតនោះគឺជាការដើរនយោបាយខុស។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ