រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត មូលហេតុពិតប្រាកដដែលបង្កឱ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួនដែលត្រូវបានគេកំណត់ថាជា កត្តាជំរុញ ដ៏សំខាន់៖
កត្តាប្រឈមទាំង ៥ ដែលជំរុញឱ្យកើតជំងឺមហារីកច្រមុះ
- ទីតាំងភូមិសាស្ត្រ៖
អ្នកដែលរស់នៅក្នុងតំបន់ជាក់លាក់មួយចំនួន ដូចជា ប្រទេសចិនភាគខាងត្បូង ឬតំបន់អាស៊ីខាងកើត គឺមានអត្រាប្រឈមខ្ពស់ជាងតំបន់ផ្សេងទៀត។
- របបអាហារដែលសម្បូរជាតិ Nitrosamine៖
ការបរិភោគអាហារដែលមាន កម្រិតអំបិលខ្ពស់ ប្រលាក់ហាលឱ្យស្ងួតរួចអាំង (ដូចជា សាច់ ឬត្រីហាលស្ងួតអាំង) គឺអាចជំរុញឱ្យកើតជំងឺនេះបាន។
- មុខរបរ៖
អ្នកដែលប្រកបរបរទាក់ទងជាមួយ ឈើ ជាពិសេសជាងឈើ គឺមានហានិភ័យខ្ពស់ ដោយសារតែការស្រូបយកធូលីឈើ និងសារធាតុគីមីផ្សេងៗ។
- វីរុស Epstein-Barr (EBV):
វត្តមានរបស់ វីរុស Epstein-Barr ត្រូវបានរកឃើញថា មានជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹងការវិវត្តនៃកោសិកាមហារីកច្រមុះ។
- ប្រវត្តិគ្រួសារ៖
ប្រសិនបើមាន ប្រវត្តិក្រុមគ្រួសារ កើតជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) នោះ សមាជិកផ្សេងទៀតក៏អាចមានហានិភ័យខ្ពស់ផងដែរ។
ការណែនាំ៖ ការយល់ដឹងអំពីកត្តាប្រឈមទាំងនេះ គឺជាជំហានដំបូងក្នុងការការពារ។ លោកអ្នកគួរតែចៀសវាងអាហារប្រៃ និងពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានសញ្ញាគួរឱ្យសង្ស័យ៕
ចែករំលែកព័តមាននេះ