ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជួប​ផ្ដល់​អនុសាសន៍​ដល់​យុវជន​កាយឫទ្ធិ​ មុន​នឹង​ទៅបោះជំរំ​កាយឫទ្ធិ​នៅ​សិង្ហ​បុរី

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ដល់​គណៈប្រតិភូ​កាយឫទ្ធិ​នារី​កម្ពុជា ចំនួន​៣៨​នាក់ មុន​នឹង​ទៅ​ចូលរួម​កម្មវិធី​បោះជំរំ​កាយឫទ្ធិ​ជំទង់​អន្តរជាតិ ឆ្នាំ​២០២៥ នៅ​ប្រទេស​សិង្ហ​បុរី (Singpore International Jamboree 2025) ។

ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី មាន​ប្រសាសន៍​ថា ការ​ទៅ​ចូលរួម​កម្មវិធី​បោះជំរំ កាយឫទ្ធិ​យុវជន​ជំទង់​អន្តរជាតិ នៅ​សិង្ហ​បុរី​នេះ យុវជន​កម្ពុជា​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ ពី​យុវជន​បណ្ដា​ប្រទេស​នានា​ ដែល​ចូលរួម ក៏​ដូច​ជា​ការ​ដោះ​ដូរ​វប្បធម៌​រវាង​គ្នា ។

លោក​ជំទាវ​បណ្ឌិត​បន្ត​ថា ការ​បោះជំរំ​កាយឫទ្ធិ​យុវជន​ជំទង់​អន្តរជាតិ ជា​អត្តសញ្ញាណ​ចលនា​របស់​កាយឫទ្ធិ ជា​វិធីសាស្ត្រ​អប់រំ​បែប​កាយឫទ្ធិ​ដល់​កុមារ និង​យុវជន ការ​សិក្សា​និង​អនុវត្ត​ដោយ​ផ្ទាល់ ដែល​នៅ​ក្នុង​សាលា​មិន​បាន​បង្រៀន និង​ការ សិក្សា​ជា​ច្រើន​ទៀត ដែល​គណៈប្រតិភូ​យុវជន​កាយឫទ្ធិ​កម្ពុជា នឹង​ទទួល​បាន ​។

ជាមួយ​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​យុវជន​កម្ពុជា ដែល​នឹង​ត្រូវ​ចូល​រួមការ​បោះជំរំ​កាយឫទ្ធិ​ជំទង់​អន្តរជាតិ នៅ​សិ​ង្ហា​បុរី ត្រូវ​ខិតខំ​រៀនសូត្រ​ឈ្វេងយល់​ពី​វប្បធម៌​ នៃ​យុវជន​មក​ពី​បណ្ដា​ប្រទេស​ចូលរួម ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ទេសចរណ៍ និង​សក្ដានុពល​ផ្សេង​ៗ​របស់​កម្ពុជា ទៅ​កាន់​យុវជន​ទាំង​អស់នោះ ជា​ពិសេស​ត្រូវ​រក្សា​សីលធម៌ ប្រពៃណី មាន​សុជីវធម៌ រក្សា​សុខភាព សេចក្តី​ថ្លែ​ថ្នូរ ចេះ​រួបរួមសាមគ្គី​គ្នា ចេះ​យកអាសារ​គ្នា គោរព​ច្បាប់ វិន័យ និង​បទបញ្ជា​ផ្សេង​ៗ​របស់​កម្មវិធី ជា​ពិសេស ត្រូវ​លើកមុខ​លើក​មាត់​ប្រទេស​ជាតិ​យើង ដើម្បី​ឲ្យ​មានឱកាស​បន្ត​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ សម្រាប់​ប្អូន​ៗ​ជំនាន់​ក្រោយ ។

កញ្ញា ហូ​យ សុភា​រី កាយឫទ្ធិ​ជំទង់ តំណាង​ប្រតិភូ​យុវជន​កាយឫទ្ធិ​ជាតិ​កម្ពុជា បាន​ប្ដេជ្ញា​ថា នឹង​ចូលរួម​យ៉ាង​សកម្ម និង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាមួយ​កម្មវិធី​ក្នុង​ជំរំ បង្ហាញ​ឱ្យ​អស់ពី​សមត្ថភាព និង​ទេព​កោសល្យ​របស់​យុវជន​កម្ពុជា ចែករំលែក វប្បធម៌ និង​អរិយធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា ទៅ​កាន់​សមាជិក​ជំរំ ហើយ​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ខ្លួន ដើម្បី​ចូលរួម​ឱ្យ​ពេញទំហឹង និង​ត្រឡប់​មក​វិញ​ដោយ​ជោគជ័យ ពិសេស​នាំ​មក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ខណៈ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម ដើម្បី​បង្ហាញ​ពី​ចំណេះដឹង​សមត្ថភាព វប្បធម៌ អរិយធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​ ។

កញ្ញា​បន្ត​ថា នឹង​បង្ហាញ​ពី​សក្តានុពល​របស់​យុវជន​កម្ពុជា ដែល​កំពុង​តែ​រីក​ចម្រើន លូតលាស់​ឥត​ឈប់​ឈរ​ទាំង​បញ្ញា ស្មារតី ជូន​មិត្ត​ក្នុង​ជំរំ ។ កម្មវិធី​នេះ​ក៏​ជា​ឱកាស​បាន​បង្ហាញ​ពី “​ស្មារតី​កម្ពុជា​តែ​មួយ​”​។ កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ភ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ពោរពេញ​ដោយ​ឱកាស ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ឥត​ឈប់​ឈរ ពិសេស​ស្មារតី​រួបរួម​ដែល​ធ្វើ​ឱ្យ​កម្ពុជា​រឹង​មាំ និង​បាន​ឆ្លងកាត់​ឧបសគ្គ​ដោយ​ជោគជ័យ រហូត​ទទួលស្គាល់​ពី​អន្តរជាតិ​ ។

កញ្ញា ហូ​យ សុភា​រី បាន​បន្ថែម​ថា បន្ទាប់​អំពី​ចូល​រួមការ​បោះជំរំ នឹង​អាច​អភិវឌ្ឍ​ខ្លួនឯង​មួយ​កម្រិត​ទៀត ឱ្យ​ក្លាយជា​យុវជន ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចេះ​សហការ​រស់នៅ និង​ធ្វើការ​ជាមួយ​គ្នា​ដោយ​ក្តី​សុខដុម ពិសេស​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ​អ្នក​ជំនាន់​មុន ដើម្បី​ការពារ​ប្រទេស​ជាតិ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ត្រូវការ ហើយ​គោរព​ច្បាប់ និង​បទបញ្ជា​នានារ​បស់ជំរំ​ ។

លោក​ជំទាវ គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​បោះជំរំ​កាយឫទ្ធិ​ជំទង់​អន្តរជាតិ​សឹ​ង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ជា​កម្មវិធី​សម្រាប់​កាយឫទ្ធិ​ជំទង់​ចន្លោះ​អាយុ​១៣​ដល់​១៧​ឆ្នាំ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ឯករាជ្យ​ជាតិ​សឹ​ង្ហ​បុរី និង​ប្រមូលផ្តុំ​កាយឫទ្ធិ មក​ពី​ក្នុង​តំបន់​ធ្វើការ​បណ្តុះបណ្តាល អភិវឌ្ឍ​សមត្ថភាព ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​សិក្សា​រួម​គ្នា​រវាង​វប្បធម៌​ចម្រុះ របស់​ជាតិ​សាសន៍ មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ជាង​៣​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ