ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យពង្រឹងការថែទាំសុខភាពភ្នែកប្រជាពលរដ្ឋគ្រប់វ័យ​

13 ម៉ោង មុន

​រាជធានីភ្នំពេញ៖​ លោកសាស្រ្តាចារ្យ ​ឈាង រ៉ា​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសុខភាពភ្នែក សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប និងបានណែនាំដល់ផ្នែកចក្ខុរោគ ឲ្យបង្កើនការយកចិត្តទុកដាក់លើការថែទាំគំហើញប្រជាពលរដ្ឋតាំងពី កុមារតូច…

​រាជធានីភ្នំពេញ៖​ លោកសាស្រ្តាចារ្យ ​ឈាង រ៉ា​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសុខភាពភ្នែក សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប និងបានណែនាំដល់ផ្នែកចក្ខុរោគ ឲ្យបង្កើនការយកចិត្តទុកដាក់លើការថែទាំគំហើញប្រជាពលរដ្ឋតាំងពី កុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់។

ការណែនាំដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

​បើតាមការផ្សាយរបស់ក្រសួងសុខាភិបាល លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការថែទាំត្រូវធ្វើឡើងទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត ហើយលើសពីនេះត្រូវ ​ជំរុញការអប់រំអំពីសុខភាពភ្នែក​ទៅដល់សហគមន៍ ជាពិសេសតំបន់ជនបទដាច់ស្រយាល។

ការណែនាំនិងគោលការណ៍សំខាន់ៗដែលលោកបានផ្តល់ជូនរួមមាន​បន្តពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេស ឲ្យបានគ្រប់គ្រាន់ ប្រសិទ្ធភាព និងទាន់ពេលវេលា។ ដោយបម្រើសេវាដោយភាពទន់ភ្លន់ គោរពក្រមសីលធម៌ ដើម្បីទទួលបានជំនឿទុកចិត្តនិងការព្យាបាលប្រកបដោយគុណភាព។ហើយក្នុងនោះត្រូវផ្តល់អាទិភាព និង ទទួលជនចាស់ជរា ជនពិការ និងប្រជាជនមានកម្រិតជីវភាពខ្វះខាត ឲ្យទទួលបានសេវាព្យាបាលទាន់ពេលវេលា។ ជំរុញការផ្សព្វផ្សាយ និងអប់រំសុខភាពភ្នែកដល់សហគមន៍តាមរយៈខិត្តប័ណ្ណ វិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គម ដើម្បី​ទប់ស្កាត់ភាពពិការភ្នែក​។
​បន្តជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗ និងជួយរកអាហារូបករណ៍ដល់សមាជិកគ្រូពេទ្យ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធ​។

លោកបានសង្កត់ធ្ងន់ថា ទោះបីវិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្តី ការបណ្តុះបណ្តាលបន្ត និងការពង្រីកសេវាថែទាំនៅតែជាការចាំបាច់បំផុតដើម្បីធានាសុខភាពពេញលេញរបស់ប្រជាពលរដ្ឋ ស្របពេលដែលចំនួន ​ប្រជាជនវ័យចំណាស់កំពុងកើនឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ