ទីក្រុងញូដេលី៖ លោកពូទីន និងលោកម៉ូឌី ប្រមុខដឹកនាំរុស្ស៊ី និងឥណ្ឌាបានចាប់ផ្ដើមពិភាក្សាគ្នានៅល្ងាចនេះដោយផ្ដោតសំខាន់ទៅលើប្រធានបទចម្រុះមានតាំងពីបញ្ហាអ៊ុយក្រែន បញ្ហាទំនាក់ទំនងទ្វេភាគី និងបញ្ហាពាណិជ្ជកម្ម។ លោកម៉ូឌីថ្លែងប្រាប់លោកពូទីនថាលោកមិនប្រកាន់ជំហរអព្យាក្រិតទេ លោកគាំទ្រសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោកពូទីនធ្វើឡើងចំពេលដែលទីក្រុងញូដេលីកំពុងជាប់ដៃមមាញឹកយ៉ាងខ្លាំងក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិកដើម្បីនិយាយបញ្ចុះបញ្ចូលឱ្យអាមេរិកកាត់បន្ថយអត្រាពន្ធគយដ៏ខ្ពស់រហូតដល់៥០%។ នេះជាអ្វីដែលលោកត្រាំហៅថាជាការទណ្ឌកម្មឥណ្ឌាពីបទបន្តទិញប្រេងឆៅពីរុស្ស៊ី។ រុស្ស៊ីជាប្រទេសលក់អាវុធដ៏ធំបំផុតសម្រាប់ឥណ្ឌា។

ឥឡូវនេះរុស្ស៊ីថ្លែងថាខ្លួនចង់នាំចូលទំនិញពីឥណ្ឌាដើម្បីធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២កើនឡើងដល់១០០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។ ចាប់តាំងពីក្រុមប្រទេសនៅអឺរ៉ុបកាត់បន្ថយការនាំចូលថាមពលពីរុស្ស៊ី គេឃើញថាមានតែឥណ្ឌានេះហើយដែលជាម៉ូយដុំរបស់រុស្ស៊ីខាងទិញប្រេងឆៅ។ ឥណ្ឌាសម្រុកទិញប្រេងរុស្ស៊ីដែលលក់ធូរៗថ្លៃព្រោះរុស្ស៊ីកំពុងតែប្រញាប់លុយ។

កិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះអ៊ុយក្រែន
ប្រទេសឥណ្ឌាមិនប្រកាន់ជំហរអព្យាក្រិត (ឬនៅកណ្ដាល) នៅក្នុងជម្លោះអ៊ុយក្រែនទេ។ នេះបើយោងតាមការអះអាងរបស់លោកម៉ូឌីប្រាប់លោកពូទីន។ លោកថ្លែងបន្តទៀតថាឥណ្ឌាប្រកាន់ជំហរសន្តិភាពនិយម។ យើងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ហើយយើងឈរប្រកៀកស្មាគ្នាគាំទ្រគំនិតផ្ដួចផ្ដើមដើម្បីសន្តិភាព។ ជាកិច្ចឆ្លើយតប លោកពូទីនអរគុណលោកម៉ូឌីចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំដោះស្រាយជម្លោះនេះ៕
ចែករំលែកព័តមាននេះ