ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេតការណ៍​អាស៊ាន(AOT) ចូល​ពិនិត្យ​សព​ជន​រង​គ្រោះ ដោយ​ការ​បាញ់ប្រហារ​របស់​ទាហាន​ថៃ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៨:៣០​នាទី​ព្រឹក ក្រុមការងារ​សម្របសម្រួល​អ្នក​សង្កេតការណ៍​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អញ្ជើញ​មក​ដល់​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដើម្បី​ពិនិត្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា ដែល​ត្រូវ​បាន​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ ។

បន្ទាប់​មក​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក៏​បាន​ចូលរួម​ពិនិត្យ​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​កម្ពុជា លើ​សព​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត ឈ្មោះ ឌី ណៃ ហៅ​សល់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ចាន់ ដើម្បី​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​របស់​ជន​រង​គ្រោះ និង​ផល​ប៉ះពាល់ ដោយសារ​ហេតុការណ៍ ដែល​កង​កម្លាំងយោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​យ៉ាង​កំរោល​ដោយ​គ្មាន​ហេតុផល​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ហេតុការណ៍​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​នោះ ចំនួន​ពីរ​លើក និង​បាន​បង្ក​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា​រង​របួស​សរុប​ចំនួន ០៣​នាក់ និង​បាត់បង់​ជីវិត​ចំនួន ០១​នាក់ ។

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ ទន្ទឹម​នឹង​នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ​។

ព្រះរាជាណាចក្រ​កម្ពុជា សូម​ឱ្យ​មានការ​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ និង​សូម​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​បរទេស​ដែល​មាន​ជំនាញ ដើម្បី​ស្វែងរក​ការ​ពិត ការ​ទទួលខុសត្រូវ និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា ។

កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ