រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថៃ បានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នោះឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយបើអាវុធវែង ប្រភេទ M16 ជាច្រើនគ្រាប់ មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្ដាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅផ្នែកក្បាល នៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ធ្លុះមួយកន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ២គុណ និង៣សង់ទីម៉ែត្រ ទិសដៅបញ្ឆិតចូលក្នុងដង់ខ្លួនពីឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយកន្លែង ។
គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (ACT) ដោយឃើញច្បាស់ថា ក្បាលគ្រាប់នោះ មាន០១គ្រាប់ ទំហំមុខកាត់៥.៧មីលីម៉ែត្រគុណ បណ្តោយក្បាលគ្រាប់២៣មីលីម៉ែត្រ មានខ្សែខ្លៅវិល (រិយ៉ា) ចំនួន៦ខ្សែ (វិលស្ដាំ) ។
ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មានប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថៃ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់ ។
ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ ដោយសារការបាញ់ប្រហាររបស់កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃ ការពិត និងបង្វែរសភាពការណ៏របស់បណ្ដាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន ៕







ចែករំលែកព័តមាននេះ