ទីក្រុងឡុង៖ នៅទីបំផុត ទូរទស្សន៍ប៊ីប៊ីស៊ីរបស់អង់គ្លេសសុខចិត្តសូមទោសចំពោះការផ្សព្វផ្សាយរបស់ខ្លួនពាក់ព័ន្ធនឹងការថ្លែងសុន្ទរកថារបស់លោកត្រាំកាលពីខែមករា ឆ្នាំ២០២១។ សុន្ទរកថានោះត្រូវប៊ីប៊ីកាត់តជាកំណាត់ៗ ហើយផ្គុំចូលគ្នាធ្វើឱ្យអ្នកទស្សនាយល់ច្រឡំ។ ប៊ីប៊ីស៊ីអាចធ្វើបានត្រឹមសូមអភ័យទោសជាផ្លូវការដោយមានសរសេរជាលាយលក្ខណ៍អក្សរ។ ប៉ុន្តែប៊ីប៊ីស៊ីបញ្ជាក់ថាខ្លួននឹងមិនផ្ដល់ប្រាក់សំណងជំងឺចិត្តជូនលោកត្រាំតបតាមការទាមទាររបស់ក្រុមមេធាវីរបស់លោកទេ។

ការសូមអភ័យទោសនេះធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់លោកត្រាំបានផ្ញើលិខិតជូនប៊ីប៊ីស៊ីទាមទារបីចំណុចសំខាន់ៗ ទី១-ប៊ីប៊ីស៊ីត្រូវសរសេរលិខិតសូមទោស, ទី២-ត្រូវឈប់ផ្សព្វផ្សាយសុន្ទរកថាកាត់តនោះតទៅទៀត និងទី៣-ត្រូវផ្ដល់ប្រាក់សំណងមួយចំនួន។ បើមិនដូច្នេះទេ ពួកគេនឹងដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារប្រាក់សំណងជំងឺចិត្តមួយពាន់លានដុល្លារ។
ប៊ីប៊ីស៊ីទទួលស្គាល់ថាវីឌីអូថ្លែងសុន្ទរកថាដែលយកមកកាត់តនោះដាក់ចំណងជើងទាំងខុសថា «លោកត្រាំអំពាវនាវដោយផ្ទាល់មាត់ឱ្យក្រុមអ្នកគាំទ្រប្រើប្រាស់អំពើហិង្សា»។ ប៊ីប៊ីស៊ីសន្យាថាអំណឹះតទៅ កម្មវិធីទូរទស្សន៍ដែលផលិតកាលពីឆ្នាំ២០២៤នោះនឹងមិនត្រូវបានចាក់ផ្សាយតទៅទៀតទេ។ ផលវិបាកនៃរឿងអាស្រូវនេះនាំទៅដល់ការប្រកាសលាលែងពីតំណែងរបស់នាយកប៊ីប៊ីស៊ី លោកធីមដេវី (Tim Davie) និងប្រធានផ្នែកព័ត៌មាន លោកស្រីដេបូរ៉ា ថឺនីស (Deborah Turness)។

ក្រៅពីលិខិតសូមអភ័យទោសដែលបញ្ជូនដោយក្រុមមេធាវីរបស់ប៊ីប៊ីស៊ីជូនមេធាវីរបស់លោកត្រាំ នាយកធំរបស់ប៊ីប៊ីស៊ីក៏បានផ្ញើលិខិតដាច់ដោយឡែកមួយទៀតផ្ញើទៅសេតវិមានដើម្បីជម្រាបជូនលោកត្រាំដោយផ្ទាល់ថាលោក (នាយកប៊ីប៊ីស៊ី) និងសារជីវកម្មរបស់លោកសោកស្ដាយចំពោះរឿងនេះ។ ប៉ុន្តែនោះមិនមែនជាចេតនាចង់បរិហារកេរ្តិ៍របស់លោកត្រាំទេ។

នៅក្នុងការថ្លែងសុន្ទរកថាឆ្នាំ២០២១នោះ លោកត្រាំថ្លែងថា «យើងនឹងដើរទៅវិមានរដ្ឋសភា ហើយយើងនឹងអបអរសាទរសមាជិកព្រឹទ្ធសភា និងរដ្ឋសភាដ៏ក្លាហានរបស់យើង»។ រយៈពេលជាង៥០នាទីក្រោយមក លោកថ្លែងថា «យើងនឹងប្រយុទ្ធតស៊ូដ៏ខ្លាំងក្លាបំផុត»។ តាមពិតពាក្យសម្ដីទាំង២ឃ្លានេះគ្មានទំនាក់ទំនងគ្នាទេ។ ប៉ុន្តែប៊ីប៊ីស៊ីយកទៅកាត់តភ្ជាប់គ្នា វាទៅជាមានន័យផ្សេងវិញ។ ពោលគឺហាក់ដូចជាលោកត្រាំនិយាយពន្យុះឱ្យអ្នកគាំទ្រប្រើហិង្សា។

ប៊ីប៊ីស៊ីកាត់តឈុតផ្សេងគ្នាមកភ្ជាប់គ្នាថា «យើងនឹងដើរទៅវិមានរដ្ឋសភា… ហើយខ្ញុំ (លោកត្រាំ) ក៏ទៅទីនោះជាមួយអ្នកដែរ (អ្នកគាំទ្រ)។ ហើយយើងនឹងប្រយុទ្ធតស៊ូដ៏ខ្លាំងក្លាបំផុត»។ លោកត្រាំថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) ថាសុន្ទរកថារបស់លោកត្រាំគេយកទៅកាត់ជាកង់ៗ ហើយយកមកផ្សាយធ្វើឱ្យអ្នកទស្សនាយល់ច្រឡំខ្លាំងណាស់។ ប៊ីប៊ីស៊ីទទួលបានលិខិតជូនដំណឹងពីក្រុមមេធាវីរបស់លោកត្រាំកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការផ្សាយរបស់ប៊ីប៊ីស៊ី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ