រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង ថ្លែងថា៖អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង នាពេលនេះ ត្រូវបន្តការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការផ្តល់សេវាឱ្យកាន់តែកៀកកិតជូនពលរដ្ឋជាដើម ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ខណៈឯកឧត្តម និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើជាអធិបតី ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានប្រកាសឱ្យកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ។ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ មកជាអភិបាលខណ្ឌសែនសុខវិញ។ លោក ជា ពិសី ត្រវបានប្រកាសឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សម្រាប់អាណត្តិទី២ ។
ជាមួយគ្នានោះ ក៏បានប្រកាសឱ្យកាន់តំណែងជាអភិបាលរងខណ្ឌ សម្រាប់អាណត្តិទី២ ចំនួនពីររូប គឺលោក សយ ឬទ្ធី ជាអភិបាលរងខណ្ឌចំការមន លោក ពាន វាសនា ជាអភិបាលរងខណ្ឌ៧មករា ។
លោក ជ ចាន់ស៊ាង ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ។ លោក ចាន់ បណ្ឌិត ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌដូនពេញ។ លោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌឬស្សីកែវ ។
លោក កៅ សារ៉ាវុធ ពីអភិបាលរងខណ្ឌជ្រោយចង្វារ ទៅជាអភិបាលរងខណ្ឌដូនពេញ។ លោក ចាន់ គន្ថេត ពីអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលរងខណ្ឌទួលគោក។ លោកស្រី សួស សូលីដា ពីអភិបាលរងខណ្ឌឫស្សីកែវ ទៅជាអភិបាលរងខណ្ឌសែនសុខ ។
លោក ហ៊ត គឹមនី ពីអភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលរងខណ្ឌដង្កោ។ ប្រកាសតែងតាំងអភិបាលរងខណ្ឌថ្មី ចំនួន២នាក់ លោកស្រី សុង សុភា ជាអភិបាលរងខណ្ឌទួលគោក និងលោកកេត រតនា ជាអភិបាលរងខណ្ឌជ្រោយចង្វា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន ។
លោកបានបន្តថា ៖ សម្រាប់ការប្រកាសចូលកាន់តំណែង និងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតាសម្រាប់មន្ត្រីរាជការស៊ីវិល ដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះ យើងបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូប អភិបាលរងខណ្ឌជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌ អភិបាលរងខណ្ឌ ដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌ ត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាតដដែលទៀតនោះទេ ។
អភិបាល និងអភិបាលរងខណ្ឌទាំងអស់ ត្រូវរក្សាឱ្យបានល្អប្រសើរ នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឲ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេស កុំឲ្យមានសំរាមនៅតាមប្រឡាយ និងតាមប្រព័ន្ធលូបង្ហូរទឹក ។
លោក ឃួង ស្រេង បានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានល្អ១០០ភាគរយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិ អន្តរជាតិ ឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ កាន់តែច្រើនផងដែរ។
លោក ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ លប់បំបាត់ឲ្យបាន នូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន ។
ក្នុងឱកាសនោះ លោក ចេង មុន្នីរ៉ា ដែលត្រូវបានប្រកាសផ្ទេរឱ្យមកកាន់មុខតំណែងជាអភិបាលខណ្ឌសែនសុខ បានប្តេជ្ញាចិត្តថា ដើម្បីជាសាក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារឱ្យបានម៉ឹងម៉ាត់បំផុត។ ប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រឆាំងដាច់ខាតក្រុមជ្រុលនិយម និងថ្កោលទោសទាហានថៃ ដែលបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ។ ទំនុកបម្រុងសមរភូមិមុខ និងការពង្រឹកការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ៕


















ចែករំលែកព័តមាននេះ