រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកសម្តេច
បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ឲ្យដឹងថា លោកដូណាល់ត្រាំ
ប្រធានាធិបតីសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥បានបញ្ជាក់ថា
«នាយប់ថ្ងៃទី១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
សម្តេចធិបតីបន្តថា តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា» ។
ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ ។
ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះ ដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា -ថៃ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក
ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ