ទីក្រុងគូឡាឡាំពួ ៖ មុននេះបន្តិច នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបពិភាក្សាការងារតាមទូរសព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីៗ នៅព្រំដែនកម្ពុជា-ថៃ ។
បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសរសេរថា «ខ្ញុំសូមបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជា និងថៃ ដើម្បីបន្តជ្រើសរើសការកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូត ជាមធ្យោបាយ នៃដំណោះស្រាយដ៏មានប្រសិទ្ធភាព» ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ប្រទេសទាំងពីរ បានដកយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីព្រំដែន ស្របតាមវិធីសាស្ត្រដែលយល់ព្រមក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ដូច្នេះ ខ្ញុំស្វាគមន៍តួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលបានទាក់ទងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ផងដែរ ដើម្បីធានាថា រឿងរ៉ាវនេះត្រូវបានដោះស្រាយឲ្យបានរៀបរយ ដើម្បីធានាបាននូវស្ថិរភាព និងសុខដុមនីយកម្មក្នុងតំបន់» ៕









ចែករំលែកព័តមាននេះ