ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ពី​វៀតណាម​ក្រឡាប់​ដេក​ស្ដូក

30 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​យី​ឌុ​ប​១​គ្រឿង ដឹក​ទំនិញ​សំពីងសំពោង​សង្ស័យ​លើស​ទម្ងន់ បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង​ដេក​ស្ដូកស្ដឹង ហើយ​ក្អួត​ចេញ​សុទ្ធតែ​ប្រេងឆា​និង​មី​រាប់រយ​កេស​មក​លើ​ចិញ្ចើម​ផ្លូវ​ដូច​ចាក់ចោល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ រថយន្ត​យី​ឌុ​ប​១​គ្រឿង ដឹក​ទំនិញ​សំពីងសំពោង​សង្ស័យ​លើស​ទម្ងន់ បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង​ដេក​ស្ដូកស្ដឹង ហើយ​ក្អួត​ចេញ​សុទ្ធតែ​ប្រេងឆា​និង​មី​រាប់រយ​កេស​មក​លើ​ចិញ្ចើម​ផ្លូវ​ដូច​ចាក់ចោល ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០២៥ នៅ​ភូមិ​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល ។

បើ​តាម​អ្នក​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះបាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​នេះ​ធ្វើ​ដំណើរចេញពី​ច្រក​ទ្វារ​ទ្វេភាគី​បុស​មន ឆ្ពោះទៅ​ផ្លូវជាតិលេខ​១៣ ដើម្បី​បន្ត​ទៅ​រាជធានី​ភ្នំពេញ ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ផ្អៀង​ក្រឡាប់​ផ្ងារជើង​នៅ​លើ​ចិញ្ចើម​ផ្លូវ ចាក់​ទំនិញ​ចោល​តែ​ម្តង តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់​ទេ ។

មហាជន​បាន​លើក​ឡើង​ទៀត​ថា មាន​រថយន្ត​តូច​ធំ ជា​ពិសេស​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ហួស​ទ្រុង​សំពីងសំពោង​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ ដូច​គេ​ហែ​កឋិន​ដឹក​ទំនិញ​មក​ពី​ស្រុក​យួន បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​កៅស៊ូ​ទៅ​ជា​ផ្លូវ​ដី ក្លាយជា​រណ្តៅ​សម្បុកមាន់​ជ្រៅ និង​ចង្អួរ​ដក់​ទឹក ហើយ​កន្លែង​ខ្លះ​បែក​ល្បាប់​រអិល​ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង ។

មហាជន​ក៏​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ពិនិត្យ​និង​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​ល្មើសច្បាប់​ទាំងនេះ​ផង ដើម្បី​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ការពារ​ពី​គ្រោះថ្នាក់​ជាយថាហេតុ និង​ទប់ស្កាត់​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ