ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ប្រជុំ​ពង្រឹង​ប្រសិទ្ធិ​ភាព ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នានា

12 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​អង្គភាព​ជួរ​មុខ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ខុសច្បាប់​នានា ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​មាន​ប្រសាសន៍​ជម្រុញ និង​លើកទឹកចិត្ត ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​ការ​ខិតខំ​យកចិត្តទុកដាក់​បន្ត​ទៀត លើ​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅ​តាម​ក្រុង ស្រុក ឃុំ សង្កាត់ ជា​ពិសេស​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នឹង​ត្រៀម​ជា​និច្ច ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ករណី​បទល្មើស​នានា ដោយ​ត្រូវ​ដាក់​កម្លាំង​ការពារ​ល្បាត​តាម​ទីកន្លែង​កំសាន្ត​នានា មួយវិញទៀត​តាម​គ្រប់​គោលដៅ តាម​បណ្តា​អធិការដ្ឋាន​នគរបាល និង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវ​តែ​មាន​មន្ត្រី​នៅ​ប្រចាំការ ២៤​ម៉ោង​/២៤​ម៉ោង ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន អោយ​បាន​ទាន់​ពេលវេលា ។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​ស្ថានភាព នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន ដែល​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​មានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា មាន​ជីវភាព​ធូរធារ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិត​គិតគូ​ខ្ពស់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្សា​ភ្ជាប់ និង​ការ​អនុវត្ត​ផ្ទាល់ ដោយ​មាន​ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​គ្រប់ ភូមិ​ឃុំ​ស្រុក​ខេត្ត នៅ​ទូ​ទាំង​ប្រទេស ហើយ​ទាំង​អស់នេះ មិន​អាច​ប្រកែក​បាន​ឡើយ គឺ​កើត​ចេញពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ប៉ិន​ប្រសប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព សុវត្ថិភាព និង​ស្ថិរភាព​លើ​ផ្ទៃ​ប្រទេស ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដែល​កន្លង​មក​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង បំពេញការងារ​ប្រកបដោយ​ការ​ទួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​ផ្តល់​សេវា​សាធារណ​: ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌ យុត្តិធម៌ តម្លាភាព និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង ក៏​ដូច​ជា​សំណូមពរ​នានា​របស់​ប្រជាជន ស្រប​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ