ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន! ចាប់បានចោរចិនគាស់ផ្ទះអ្នក​ជិត​ខាង និងបំបែកទូ​ដែក

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​មួយ​រូប គាស់​បំបែក​ទូដែក​យក​ប្រាក់ និង​គ្រឿងអលង្ការ សរុប​គិត​ជា​ទឹកប្រាក់​ចំនួន ១១២​៤៥០​ដុល្លារ ហើយ​គេចខ្លួន​បាន​តែ​២​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ បុរស​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​មួយ​រូប គាស់​បំបែក​ទូដែក​យក​ប្រាក់ និង​គ្រឿងអលង្ការ សរុប​គិត​ជា​ទឹកប្រាក់​ចំនួន ១១២​៤៥០​ដុល្លារ ហើយ​គេចខ្លួន​បាន​តែ​២​ថ្ងៃ ។

ជនសង្ស័យ​ឈ្មោះ ចាង ទៀន វៃ​(Zhang Dian Wei) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​ EP2843056 មុខរបរ​លក់​បាយ ស្នាក់​នៅផ្ទះ​៣៣ ផ្លូវ​១១៣K ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឥន សម្ភាវិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​វេជ្ជបណ្ឌិត មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៥ បុរី​ជីប​ម៉ុង​លែ​ន ​ពោធិ៍​ចិន​តុង ផ្លូវ​១១៣K ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គី​រី និង​សម្រាក​នៅ​មណ្ឌល​គី​រី​១​យប់ ។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០២៥ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ផ្ទះ​របស់​ខ្លួន​បើកទ្វារ​ចំហ ត្រូវ​ចោរ​រើរុះ និង​ឃើញ​ទូដែក​ដែល​ដាក់​គ្រឿងអលង្ការ​ផ្សេង​ៗ ត្រូវ​បាន​គាស់​បំបែក​យក​លុយ និង​សម្ភារៈ​ក្នុង​ទូដែក​ទាំងអស់ ។

លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​បាន​គាស់​យក​លុយ និង​គ្រឿងអលង្ការ​រួម​មាន ប្រាក់​ដុល្លារ​ប្រហែល ៤៥​០០០​ដុល្លារ ចិញ្ចៀន​ពេជ្រ​៣​វង់​គិត​ជា​ប្រាក់​ចំនួន​១១​៥០០​ដុល្លារ ខ្សែដៃ​ពេជ្រ​២​ខ្សែ ១១ ០០០​ដុល្លារ ខ្សែដៃ​មាស​២​ខ្សែ​(​ទម្ងន់​១​តម្លឹង​) គិត​ជា​ប្រាក់​ចំនួន ៥ ៥០០​ដុល្លារ ខ្សែ​ក​មាស​៤​ខ្សែ (​ទម្ងន់​១​តម្លឹង​កន្លះ​)​គិត​ជា​ប្រាក់​ចំនួន ៨ ២៥០​ដុល្លារ ខ្សែ​ក​ផ្លា​ទី​ន​២​ខ្សែ​(​ទម្ងន់​៤​តម្លឹង​) គិត​ជា​ប្រាក់​ចំនួន ១៦ ០០០​ដុល្លារ ចិញ្ចៀនមាស​១​វង់
​(​ទម្ងន់​៥ជី​) គិត​ជា​ប្រាក់​ចំនួន ២ ៣០០​ដុល្លារ ចិញ្ចៀន​ផ្លា​ទី​ន​៣​វង់​(​ទម្ងន់​៨​ជី​) គិត​ជា​ប្រាក់​ចំនួន ២ ៥០០​ដុល្លារ ចិញ្ចៀន​ត្បូង​ទន្ទឹម​១​វង់ គិត​ជា​ប្រាក់​ចំនួន ៦០០​ដុល្លារ កងដៃ​មាស​១​វង់ គិត​ជា​ប្រាក់​ចំនួន ២ ៣០០​ដុល្លារ ក្រវិល​ពេជ្រ​១​គូ គិត​ជា​ប្រាក់​ចំនួន ៥ ៥០០​ដុល្លារ និង​កងដៃ​ផ្លា​ទី​ន​២​វង់ គិត​ជា​ប្រាក់​ចំនួន ២ ០០០​ដុល្លារ សរុប​ជា​ទឹកប្រាក់​ចំនួន ១១២ ៤៥០​ដុល្លារ (​មួយ​សែន​មួយ​ម៉ឺន​ពីរ​ពាន់​បួន​រយ​ហាសិប​ដុល្លារ​) ។

លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ។ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ០៩​និង​៣០​នាទី នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​លោកនាយ​ប៉ុស្តិ៍ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ ដែល​ស្នាក់​នៅ​ជាប់​ផ្ទះ​គ្នា ។

នៅ​ចំពោះ​មុខ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទ្វារ​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​ចូល​លួច​សម្ភារៈ និង​គ្រឿងអលង្ការ​ពិតប្រាកដមែន ។ ក្នុង​នោះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​យក​សម្ភារៈ​ដែល លួច​បាន​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជនសង្ស័យ​ខាងលើ​ប្រើប្រាស់​ធ្វើ​សកម្មភាព និង​បាន​យក​ទៅ​ចោល​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​
នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អនុវត្តន៍​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ