រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា ។
យោងតាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ។
សម្ដេចធិបតីបន្ដថា ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០%នៅឆ្នាំ២០៣០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាផិបាលបានគូសបញ្ជាក់ថា «អត្រានៃការទទួលបានសេវាអនាម័យជនបទ មានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេច បានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដែលក្នុងនោះ មានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា ។ ដោយឡែក អត្រាគ្របដណ្តប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០»។
សម្ដេចធិបតីបន្ដថា សមិទ្ធផលដែលសម្រេចបាននេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការដែល បានដាក់ចេញនាពេលកន្លងមក ។ លទ្ធផលនេះ ក៏បានបង្ហាញឱ្យឃើញ ការប្រែប្រួលជាវិជ្ជមាននូវកម្រិតនៃការយល់ដឹងអំពីការ ប្រតិបត្តិអនាម័យល្អ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយ ចិត្តក្នុងការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យ ជនបទនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ