ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ចំណុចសំខាន់ ! យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កែប្រែអនាម័យជនបទឱ្យកាន់តែប្រសើរ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​ចំនួន​៨​ចំណុច ដើម្បី​ឱ្យ​ស្ថានភាព​អនាម័យ​ជនបទ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ប្រសើរ​ឡើងឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​ចំនួន​៨​ចំណុច ដើម្បី​ឱ្យ​ស្ថានភាព​អនាម័យ​ជនបទ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ប្រសើរ​ឡើងឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។

នេះ​បើ​យោង​តាម​សារលិខិត​របស់​សម្តេច​បវរ​ធិ​បតី ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​១៦ ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ដែល​សម្តេច​មហា​បវរ​ធិ​បតី បាន​ដាក់​ចេញ​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ៨​ចំណុច​ដូច​ខាងក្រោម​៖

ទី​១. បន្ត​ពង្រឹង​ការងារ​សម្របសម្រួល និង​សហប្រតិបត្តិការ​លើ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ តាម​រយៈ​យន្តការ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។

ទី​២. ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​សហការ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជិត​ស្និទ្ធ​បន្ថែម​ទៀត ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលដៅ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ទាក់ទង​នឹង​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។

ទី​៣. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​វិស័យ​ផ្គត់ផ្គង់ ទឹក​ស្អាត និង​អនាម័យ​ជនបទ ដើម្បី​ប្រើប្រាស់​ជា​ឯកសារ​គតិ​យុ​ត្ត និង​ជា​ផែនទី​បង្ហាញផ្លូវ​ក្នុង​ការងារ​លើកកម្ពស់ អនាម័យ​ជនបទ​។

ទី​៤. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​ខិតខំ​ស្វែងរក​ការ​គាំទ្រ និង​កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍ​និង​វិស័យ​ឯកជន ព្រមទាំង​សប្បុរសជន​នានា​លើ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។

ទី​៥. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​ពង្រឹង​យន្តការ​គ្រប់គ្រង​ទិន្នន័យ​អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ច្បាស់លាស់ និង​ប្រកបដោយ​ភាព​ជឿជាក់​សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។

ទី​៦. ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​ស្វែងរក​បច្ចេកវិទ្យា​ថ្មី​ៗ​ទាក់ទង​នឹង ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ដែល​សម​ស្រប និង​មាន​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ដូច​ជា ការ​គ្រប់គ្រង​កាក​សំណល់​លាមក​ប្រកបដោយ​សុវត្ថិភាព និង​ចីរភាព​។

ទី​៧. ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​តាម​គ្រប់​រូបភាព ដល់​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ​ដែល​ទទួល​បានការ​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​កម្រិត មូលដ្ឋាន ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព និង​ឈាន​ទៅ​សម្រេច​បានជា​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ​ដែល បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​។

ទី​៨. ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ ក្រុម​ងាយ​រង​គ្រោះ គ្រួសារ​ក្រីក្រ ជនជាតិ​ដើម​ភាគតិច ស្ត្រី​មេម៉ាយ ជន​មាន​ពិការ​ភាព និង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ប្រឈម ដើម្បី​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​កាន់តែ​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ