ទីក្រុងវ៉ាស៊ីនតោន៖ នៅទីបំផុត ក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានបញ្ជូនទៅឱ្យសេតវិមាននូវការវាយតម្លៃរបស់ខ្លួនថាអាចផ្ដល់មីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែនដោយគ្មានបញ្ហាចោទចំពោះបរិមាណមីស៊ីលនៅក្នុងឃ្លាំងរបស់អាមេរិកទេ។ ឥឡូវនេះ គេរង់ចាំតែសេចក្ដីសម្រេចចុងក្រោយរបស់លោកត្រាំតែប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិក និងអឺរ៉ុបប្រាប់ទូរទស្សន៍ស៊ីអឹនអឹន (CNN)។
ស្ថានការណ៍វិវត្តថ្មីនេះកើតឡើងស្របពេលដែលមានភាពតានតឹងផ្នែកនុយក្លេអ៊ែរជាសាកល និងការជជែកដេញដោលគ្នានៅក្នុងរដ្ឋាភិបាលអាមេរិកថាត្រូវតែគាំទ្រអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាម។ អគ្គសេនាធិការដ្ឋានកងទ័ពអាមេរិកបានបញ្ជូនលទ្ធផលវាយតម្លៃរបស់ខ្លួនទៅសេតវិមានកាលពីដើមខែតុលា។ ពោលគឺមុនពេលមានកិច្ចជំនួបរវាងលោកត្រាំ និងលោកហ្សេឡិនស្គី។ លោកហ្សេឡិនស្គីបានស្នើសុំមីស៊ីលនេះជាយូរមកហើយដើម្បីវាយប្រហារទីតាំងស្តុកប្រេង និងថាមពលរបស់រុស្ស៊ី។
ការផ្ដល់មីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែនជាការសម្រេចចិត្តដ៏ពិបាកទាំងផ្នែកយុទ្ធសាស្ត្រ និងនយោបាយនៃរដ្ឋាភិបាលរបស់លោកត្រាំ។ មីស៊ីលនេះមានវង់ប្រតិបត្តិការ១ពាន់ម៉ាយ ឬ១៦០០គីឡូម៉ែត្រ។ បើបាញ់ចេញពីប្រទេសអ៊ុយក្រែនសំដៅទៅប្រទេសរុស្ស៊ី វាអាចក្លាយជាអាវុធដ៏គួរឱ្យព្រួយបារម្ភសម្រាប់រុស្ស៊ី។ ដូច្នេះប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីមានកិច្ចការច្រើនដែលត្រូវធ្វើ។
យោងតាមការផ្សាយរបស់ស៊ីអឹនអឹន មន្ទីរបញ្ចកោណអះអាងថាមីស៊ីលដែលត្រូវផ្ដល់ទៅឱ្យអ៊ុយក្រែនចំនួនប៉ុន្មានមិនចោទជាបញ្ហាទេព្រោះច្រើនសន្ធឹកសន្ធាប់នៅក្នុងឃ្លាំង។ អ្វីដែលសំខាន់គឺអាមេរិកត្រូវសម្រេចចិត្តទៅលើរឿងនេះអាស្រ័យទៅលើការថ្លឹងថ្លែងឱ្យមានតុល្យភាពគ្នាផ្នែកយោធា នយោបាយការទូត និងនយោបាយជាតិ។
លោកសូន ភីនណឺ (Shaun Pinner) ជាអតីតទាហានអង់គ្លេសដែលបានចូលរួមជាមួយកងទ័ពអ៊ុយក្រែនក្នុងនាមជាទាហានជាប់កិច្ចសន្យាកាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្ន លោកកំពុងច្បាំងនៅអ៊ុយក្រែន។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាមីស៊ីលថូម៉ាហកមិនប្រាកដជាធ្វើឱ្យអ៊ុយក្រែនឈ្នះសង្គ្រាមទេ។ ប៉ុន្តែមីស៊ីលនេះនឹងធ្វើឱ្យលោកពូទីនគិតទៅដល់ផលវិបាកដែលលោកពុំដែលគិតជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ