រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូនិស្សិតស្រីបានចំនួន២គ្រឿង នៅបន្ទប់ជួលក្នុងសង្កាត់ទឹកថ្លា ហើយយកទៅលក់ចែកគ្នាបានតែ២ថ្ងៃប៉ុណ្ណោះ ។

ជនសង្ស័យរូបនោះ ១-ឈ្មោះ ហង់ ពេជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ,២-ឈ្មោះ សន សេរីសត្យា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ១-ឈ្មោះ ផាត់ សុភាព ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត, ២-ឈ្មោះ បូ សុជាតា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញដែលជាកន្លែងកើតហេតុ ។

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា សង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ស្ថិតតាមបេតុងភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១ និង១៩នាទី យប់រំលងអធ្រាត្រជនសង្ស័យមានបក្សពួក៣នាក់ បានធ្វើសកម្មភាពបើកទ្វារផ្ទះជួលលួច យកម៉ូតូចំនួនពីរគ្រឿង,មួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FD-7164 និងមួយគ្រឿងទៀតម៉ាកស្កូបពី ពណ៌ស ស៊េរី២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LE-1367 របស់និស្សិតស្រីពីរនាក់ ដែលចតទុកនៅបរិវេណបន្ទប់ជួល ជាន់ផ្ទាល់ដី ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លុះនៅវេលាព្រឹកឡើងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលជនរងគ្រោះចុះពីលើបន្ទប់ជួលទៅរៀន ស្រាប់តែបាត់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលទៅប្ដឹងសមត្ថកិច្ច ។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចបានដល់ចំណុចកើតហេតុ ស្រាវជ្រាវនិងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ឃើញរូបភាពសកម្មភាពជនសង្ស័យចំនួន០២នាក់បណ្តើរ ម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ ។
លុះដល់ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ០២នាក់ឈ្មោះ ហង់ ពេជ និងឈ្មោះ សន សេរីសត្យា នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។ ក្នុងការឃាត់ខ្លួន សមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាង រូមមានៈ ឧបករណ៍ជក់ថ្នាំញៀន ០១ឈុត,ស្លាកលេខម៉ូតូ លេខ 1FD-7164 ,ម៉ូតូម៉ាកគុប ពណ៌ខៀវចាស់ គ្មានស្លាកលេខ(របស់ជនសង្ស័យ)។

ដោយឡែក ម៉ូតូរបស់ជនរងគ្រោះរកពុំទាន់ឃើញនៅឡើយ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពដោយដឹងថា ពួកគេបានធ្វើសកម្មភាពលួចម៉ូតូបានចំនួន២គ្រឿងពិតប្រាកដមែន។ បន្ទាប់ពីលួចបានឲ្យបក្សពួកម្នាក់ទៀត ឈ្មោះ ហួរ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ដែលជិះម៉ូតូម៉ាកគុប (ជាមធ្យោយបាយ) យកទៅលក់បានលុយហើយចែកគ្នាបានម្នាក់៣០០ដុល្លារ តែពុំដឹងថាលក់នៅទីណាឡើយ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ