ទីក្រុងសេអ៊ូល៖ លោកត្រាំថ្លែងថាពេលវេលាមិនអំណោយផលសម្រាប់លោកជួបមិត្តសម្លាញ់វ័យក្មេងគីមជុងអ៊ុនរបស់គាត់ទេ។ ហេតុនេះ លោកក៏មិនត្រូវការនៅបង្អែបង្អង់នៅប្រទេសកូរ៉េខាងត្បូងតទៅទៀតដែរ។ លោកត្រូវតែប្រញាប់វិលទៅមាតុភូមិវិញដើម្បីធ្វើការកិច្ចការសំខាន់ៗជាច្រើនទៀត។ ចំណែកកិច្ចប្រជុំកំពូលអេប៉ិចដែលរៀបចំចាប់ពីថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកាក៏លោកមិនបានចូលរួមដែរ។
លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកមិនទាន់មានលទ្ធភាពរៀបចំកិច្ចជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងទេ។ ដូច្នេះឥឡូវនេះ ច្បាស់ហើយ អ្វីដែលគេរំពឹងទុកកាលពីមុននេះថាអាចនឹងមានការជួបគ្នានោះមិនទាន់អាចធ្វើទៅបាននៅពេលនេះឡើយ។ ប៉ុន្តែលោកត្រាំក៏និយាយបង្ការទុកមុនផងដែរថាលោកទាំង២អាចនឹងមានឱកាសជួបគ្នានាពេលអនាគត។
តាំងពីមុនពេលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកត្រាំធ្លាប់ប្រកាសជាហូរហែថាលោកចង់ជួបគ្នាផ្ទាល់ជាមួយប្រធានាធិបតីកូរ៉េខាងជើង។ បើព្រឹត្តិការណ៍នេះកើតឡើងមែន វានឹងក្លាយជាកិច្ចជំនួបលើកទី១ចាប់តាំងពីលោកត្រាំឡើងកាន់អំណាចនៅអាណត្តិទី២។ គួរកត់សម្គាល់ថាកូរ៉េខាងជើងហាក់ដូចជារក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកដោយមិនព្រមធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ មានន័យថាយល់ព្រមក៏មិនយល់ព្រម ប្រកែកក៏មិនប្រកែកចំពោះគោលបំណងរបស់លោកត្រាំដែលចង់ជួបគ្នា។
ថ្វីដ្បិតកូរ៉េខាងជើងមិននិយាយមែន ប៉ុន្តែបានធ្វើជាសកម្មភាពបង្កហេតុដោយបាញ់មីស៊ីលចេញពីតំបន់មាត់សមុទ្រខាងលិចត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលលោកត្រាំមកដល់ទ្វីបអាស៊ី។ កូរ៉េខាងជើងចាត់ទុកថានេះជាសារផ្ដាំផ្ញើទៅពួកសត្រូវរបស់ទីក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងណាក្ដី លោកត្រាំហាក់ដូចជាធ្វើជាមិនចាប់អារម្មណ៍ ឬក៏មិនបញ្ចេញប្រតិកម្មបែបអវិជ្ជមានចំពោះការបាញ់មីស៊ីលនោះទេ។ លោកថាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលតែអីចឹងរាប់ទសវត្សមកហើយ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះថាលោកស្គាល់លោកគីមជុងអ៊ុនច្បាស់ណាស់ យើងពិតជាមិនអាចលៃលកពេលវេលាដើម្បីជួបគ្នាមែន។ លោកនិយាយបន្ថែមថាលោកបានស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូរ៉េទាំង២នៅពេលលោកជួបសមភាគីកូរ៉េខាងត្បូង លោកលីជេម្យុង នៅទីក្រុងគ្យុងជូ។ លោកលីគាំទ្រការបោះដៃរបស់លោកត្រាំទៅមេដឹកនាំកូរ៉េខាងជើងដើម្បីជួបគ្នា។ លោកយល់ថាការធ្វើដូច្នេះបង្កបរិយាកាសកក់ក្ដៅ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។
ទោះបីមិនបានជួបគ្នានៅក្នុងគ្រានេះ លោកត្រាំរំពឹងថានឹងជួបគ្នានៅពេលដ៏ខ្លីខាងមុខនេះ។ កាលពីពេលកន្លងមក មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះតែងតែនិយាយជាហូរហែថាពួកគេមិនជំទាស់ទេនឹងបំណងចង់ជួបមុខគ្នា។ ប៉ុន្តែអាមេរិកត្រូវបោះបង់ចោលការទាមទារឱ្យរបបក្រុងព្យុងយ៉ាងកាត់រំសាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ កូរ៉េខាងជើងថាអាមេរិកត្រូវតែទទួលស្គាល់ថាសម្រាប់ពេលបច្ចុប្បន្ននេះ ខ្លួនបានក្លាយទៅជារដ្ឋនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ