ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​៣ ឆ្នាំ​២០២៥ វិវាទ​អ្នក​សារព័ត៌មាន​សរុប​​ចំនួន​២៣​ករណី ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្របសម្រួល​ផ្សះផ្សា​ដោយ​ជោគជ័យ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា គណៈកម្មការ​តាមដាន​វាយតម្លៃ និង​លើក​សរសើរ​ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន​បាន​ទទួល…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា គណៈកម្មការ​តាមដាន​វាយតម្លៃ និង​លើក​សរសើរ​ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន​បាន​ទទួល និង​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មាន​សរុប​ចំនួន​២៣​ករណី គិត​ចាប់តាំងពី​ខែមករា រហូត​ដល់​ដើមខែ​តុលា ឆ្នាំ​២០២៥ ។

ឯកឧត្ដម​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥​ថា ការ​សម្របសម្រួល​ដោះ​ស្រាយ​វិវាទ​បាន​ផ្តល់​យុត្តិធម៌​ជូន​អ្នក​សារព័ត៌មាន និង​ភាគី​ក្នុង​រឿង ព្រមទាំង​ការពារ​អ្នកកាសែត​ពី​ការ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​។ ឯកឧត្ដម​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​សម្រាប់​រាល់​បណ្តឹង​ទាំងអស់​ដែល​ក្រសួង​បាន​ទទួល​ការ​ស្នើ​សុំ​ឱ្យ​ជួយ​ដោះស្រាយ គណៈកម្មការ​បាន​ពិនិត្យ និង​វិភាគ​យ៉ាង​ល្អិតល្អន់​ទាំង​លើ​អង្គហេតុ និង​អង្គច្បាប់ ហើយ​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​មក​ចូលរួម ក្នុង​ដំណើរការ​នីតិវិធី​សម្រុះសម្រួល ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តី​ពី​របប​សា​ព័ត៌មាន និយាម​វិជ្ជាជីវៈ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន កាតព្វកិច្ច​ក្នុង​ក្រប​ខណ្ឌ​កិច្ចសន្យា​អាជីវកម្ម​សារព័ត៌មាន និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​»​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ពន្យល់​ទៀត​ថា «​ក្នុង​ដំណើរការ​នីតិវិធី​សម្រុះសម្រួល កំហុស​វិជ្ជាជីវៈ​សារព័ត៌មាន ទ​ង្វើ​ខុស​ក្រមសីលធម៌ ត្រូវ​បាន​វែកញែក វិភាគ​ដោយ​តម្លាភាព យុត្តិធម៌ និង​វិជ្ជាជីវៈ ដើម្បី​ផ្សះផ្សា​បញ្ចប់​វិវាទ​ដោយ​មាន​សេចក្តីសន្និដ្ឋាន របាយការណ៍​ច្បាស់លាស់ ដែល​ភាគី​ពាក់ព័ន្ធ​ក្នុង​វិវាទ​បាន​ព្រមព្រៀង​ទទួលយក​។ រីឯ​កំហុស​ខ្លឹមសារ​ផ្សាយ​ត្រូវ​បាន​កែតម្រូវ និង​ផ្សាយ​ឡើង​វិញ​ជាមួយ​ព័ត៌មាន​ត្រឹមត្រូវ មាន​ប្រភព និង​យោង​គ្រប់គ្រាន់ ដែល​ភាគី​វិវាទ​បាន​ទទួលយក​រៀង​ៗ​ខ្លួន ហើយ​អ្នក​សារព័ត៌​មានបាន​ទទួល​ការ​តម្រង់​ទិសលើ​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន ដើម្បី​បន្ត​អនុវត្ត​ការងារ​ឱ្យ​បាន​ប្រសើរ​ដោយ​គោរព​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​» ។

ឯកឧត្ដម ទេព អ​ស្នា​រិ​ទ្ធ បាន​អះអាង​ថា​យ៉ាងណា​ក៏​ដោយ សម្រាប់​ករណី​វិវាទ​មួយ​ចំនួន ត្រូវ​ទទួល​ការ​ដាក់​ពិន័យ​ស្រប​តាម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ក្នុង​នោះ​មានការ​ចេញ​លិខិត​ព្រមាន​ចំពោះ​អង្គភាព​សារព័ត៌មាន អ្នក​សារព័ត៌មាន​ដែល​បំពាន​ក្រមសីលធម៌ និង​ការ​ប្រព្រឹត្ត​ផ្ទុយ​លក្ខខណ្ឌ​កំណត់​ក្នុង​កិច្ចសន្យា​អាជីវកម្ម​សារព័ត៌មាន ខណៈ​ករណី​មួយ​ចំនួន​តូច អង្គភាព​សារព័ត៌មាន​ត្រូវ​បាន​លុប​អាជ្ញា​បណ្ណ​អាជីវកម្ម​ដោយ​មូលហេតុ​បំពាន​ក្រមសីលធម៌​ធ្ងន់ធ្ងរ ល្មើស​នឹង​បទ​ប្ប​ញ្ញ​តិ្ត​ច្បាប់​ជា​ធរមាន ។

ទន្ទឹម​នេះ ក្រៅពី​យន្តការ​ថ្នាក់​ជាតិ ការ​ពង្រឹង​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​សារព័ត៌មាន អ្នក​សារព័ត៌​មាននៅ​ក្នុង​មូលដ្ឋាន​រាជធានី ខេត្ត​ទាំង​២៥ តាម​រយៈ​ការ​សម្របសម្រួល​ដោយ​មន្ទីរ​ព័ត៌មាន ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រចាំ ក្នុង​គោល​បំណង​រួមចំណែក​ពង្រឹង​ការ​ប្រតិបត្តិ​ក្រមសីលធម៌ និង​លើកកម្ពស់​គុណភាព​វិជ្ជាជីវៈ​ក្នុង​ការ​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន ។

ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា ការ​បង្កើន​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​សារព័ត៌មាន អ្នក​សារព័ត៌​មាននៅ​ក្នុង​មូលដ្ឋាន​រាជធានី ខេត្ត គឺ​ដើម្បី​លើកកម្ពស់​តួនាទី​និង​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន ដោយ​អនុលោម​តាម​ច្បាប់ ក្រមសីលធម៌ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ។ ឯកឧត្តម​បាន​បន្ថែម​ថា «​យន្តការ​លើកកម្ពស់​ទំនាក់ទំនង​សារព័ត៌​មាននៅ​ថ្នាក់​មូលដ្ឋាន​រួមចំណែក​ធានា​ការ​ទទួល​ព័ត៌មាន​ពិត សុក្រឹត របស់​ប្រជាពលរដ្ឋ អំពី​ស្ថានភាព​និង​វឌ្ឍនភាព​នៅ​មូលដ្ឋាន ជំរុញ​ប្រសិទ្ធភាព​ការងារ​សាធារណ​មតិ​និង​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​» ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​រម្លឹក​ថា អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​អនុវត្តន៍​ការងារ​ដោយ​ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ផលិត​-​ផ្សាយ​ព័ត៌មាន​ដោយ​គុណភាព ហើយ​មិន​ត្រូវ​ដើរតួ​នាទី​ជំនួស​សមត្ថកិច្ច​ឡើយ​។ ឯកឧត្ដម​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​«​សូមអ្នក​សារព័ត៌មាន​ខិតខំ​ស្រាវជ្រាវ​អំពី​ប្រធានបទ​នីមួយ​ៗ មុន​ចុះ​យក​ព័ត៌មាន ដើម្បី​ឱ្យ​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​ផលិត​មាតិកា និង​ផ្សាយ​ខ្លឹមសារ​មានគុណ​ភាព ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​»​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ ដែល​អ្នក​សារព័ត៌មាន​ត្រូវធ្វើ​ខ្លួន​ជា​បុគ្គល​គំរូ​ដល់​សង្គម ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ផ្តល់​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ ព្រោះ​កត្តា​ទាំង​អស់នេះ​នឹង​ផ្តល់​សុវត្ថិភាព​សម្រាប់​ការ​អនុវត្ត​ការងារ និង​ជួយ​ការពារ​អ្នក​សារព័ត៌មាន ពី​ការ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ