ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហានវិជ្ជមាន ! ក្រសួងការពារជាតិអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អាស៊ាន ត្រួតពិនិត្យការដករថពាសដែកពីព្រះវិហារ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃរសៀល​ថ្ងៃ​ទី​២៧ ខែតុលា…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃរសៀល​ថ្ងៃ​ទី​២៧ ខែតុលា នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង​១១:០០​នាទី​ព្រឹក​នេះ ក្រុមការងារ​សម្របសម្រួល​ក្រុម​អ្នក​សង្កេតការណ៍​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ធ្វើការ​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដើម្បី​ចុះ​ត្រួតពិនិត្យ​សព្វាវុធ (​រថពាសដែក​) ដែល​បាន​ត្រឡប់​មក​កាន់​បន្ទាយ ដែល​ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​វិញ​។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចាក​ចេញពី​តំបន់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩:០០​នាទី​យប់មិញ​នេះ ក្រោយ​ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា ធ្វើការ​កែសម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​របស់​ខ្លួន ដោយ​ដក​មួយ​ផ្នែក​នៃ​ជំហាន​ទី​១ សម្រាប់​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។

សកម្មភាព​ខាងលើ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កាយវិការ​សុច្ឆន្ទៈ និង​ការ​បញ្ជាក់​ពី​ការ​តាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​ឥត​ងាករេ​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​ម្សិលមិញ​នេះ រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​មាន​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ធ្វើ​ជា​សាក្សី​ផង​ដែរ ។

ជាមួយ​គ្នា​នេះ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​បោះ​ជំហាន​ដ៏​វិជ្ជមាន​មួយ​នេះ​នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ