រាជធានីភ្នំពេញ៖ តើលោកអ្នកធ្លាប់ជួបបញ្ហាឈឺពោះ ឬចុកឆ្អល់ក្នុងពោះរ៉ាំរ៉ៃដែលពិបាកនឹងកំណត់មូលហេតុដែរឬទេ? នេះអាចជាសញ្ញានៃជំងឺខ្សោយពោះវៀនដែលជាជំងឺគេតែងជួបប្រទះញឹកញាប់។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺនេះមានរោគសញ្ញាទូទៅដែលងាយច្រឡំជាមួយជំងឺផ្សេងៗទៀត។ សូមពិនិត្យមើលរោគសញ្ញាសំខាន់ៗ និងការបែងចែកក្រុមជំងឺនេះ៖
១. រោគសញ្ញាទូទៅនៃជំងឺខ្សោយពោះវៀន
រោគសញ្ញាទាំងនេះជាមូលដ្ឋានដែលអ្នកជំងឺ ភាគច្រើនតែងជួបប្រទះ៖
- ការឈឺពោះរ៉ាំរ៉ៃ: មានអារម្មណ៍ឈឺចាប់នៅតំបន់ពោះជាប់រយៈពេលយូរ។
- ចុកឆ្អល់ក្នុងពោះ: អាការៈចុកនិងឆ្អល់ក្នុងពោះដែលកើតមានញឹកញាប់។
- តឹងណែនក្នុងពោះ: មានអារម្មណ៍ថាពោះណែន ឬហើម។
- ញ៉ាំឆាប់ឆ្អែត: ទទួលទានអាហារបានតិចក៏មានអារម្មណ៍ឆ្អែតលឿន។
២. ការបែងចែកជំងឺជា ៤ ក្រុមទៅតាមរោគសញ្ញា
ក្រៅពីរោគសញ្ញាទូទៅ អ្នកជំនាញបានបែងចែកជំងឺជា ៤ ក្រុមទៅតាមការប្រែប្រួលនៃការបន្ទោបង់៖
- ក្រុមទី ១៖ រាគរ៉ាំរ៉ៃ: អ្នកជំងឺមានអាការៈរាកជាប្រចាំនិងយូរ។
- ក្រុមទី ២៖ ទល់លាមករ៉ាំរ៉ៃ: អ្នកជំងឺមានអាការៈទល់លាមកជាប្រចាំនិងយូរ។
- ក្រុមទី ៣៖ រាកនិងទល់លាមកឆ្លាស់គ្នា: អ្នកជំងឺមានអាការៈរាកម្តង ទល់លាមកម្តង។
- ក្រុមទី ៤៖ មិនមានរោគសញ្ញារាក ឬទល់លាមកទេ: អ្នកជំងឺមានតែរោគសញ្ញាទូទៅដូចជា ឈឺពោះ និងតឹងណែន។
ការដាស់តឿនពីវេជ្ជបណ្ឌិត៖ កុំច្រឡំរោគសញ្ញា!
ដោយសាររោគសញ្ញានៃជំងឺខ្សោយពោះវៀននេះអាចមានលក្ខណៈភាន់ច្រឡំទៅនឹងជំងឺមួយចំនួនទៀតដែលមានសភាពធ្ងន់ធ្ងរ (ដូចជា មហារីកពោះវៀនជាដើម)។ ដូច្នេះ អ្នកជំងឺដែលមានរោគសញ្ញាទាំងនេះ គួរតែប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងទទួលនូវសេវាព្យាបាលឲ្យបានត្រឹមត្រូវទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ