ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ចុងក្រោយរបស់សមត្ថកិច្ចស្ដីពីតុល្យការនៃការខូចខាតដោយសារគ្រោះអគ្គិភ័យលេបត្របាក់ផ្សារ«ហេងឆាយលី»បានធ្វើឲ្យខូចខាតសំណង់ផ្ទះសរុបចំនួន២៧ល្វែង និងទំនិញគ្រប់ប្រភេទនៅក្នុងផ្សារ រួមជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្ទះផង ។

របាយការណ៍បានឲ្យដឹងថា គ្រាន់តែផ្សារ«ហេងឆាយលី»ដែលមានម្ចាស់ឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មានចំនួន២២ល្វែង ក្នុងនោះ ចំនួន០២ល្វែងគាត់ជួលគេ ។ ដោយឡែក ចំនួន០៥ល្វែងទៀត ដែលសាងសង់ជាប់ៗគ្នាជាផ្ទះអ្នកជិតខាង ហើយសុទ្ធសឹងជាទីតាំងបើកហាងលក់ដូរទំនិញសំខាន់ៗផងដែរ ។

នៅក្នុងមហន្តរាយដ៏ធំធេងនេះ កម្លាំងពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿង ។ មន្ត្រីជំនាញបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្ម ចាប់តាំងពីម៉ោងកើតហេតុ នៅយប់ថ្ងៃទី២៣ តុលា
រហូតមកដល់រសៀលថ្ងៃទី២៥ តុលានេះ ផ្សែងភ្លើងនៅមិនទាន់បាត់ហុយនៅឡើយទេ ។

បើតាមរបាយការណ៍ដដែលនេះ មន្ត្រីពន្លត់អគ្គិភ័យបានចំណាយទឹកអស់ចំនួន២០០រថយន្ត ហើយ។ ប៉ុន្តែយ៉ាងណា គេបានដឹងត្រឹមតុល្យការនៃការខូចខាតជាក់ស្ដែងនូវសំណង់អគារ និង ទំនិញ ឬទ្រព្យសម្បត្តិប៉ុណ្ណោះ តែគេមិនទាន់អាចវាយតំលៃពីទំហំសរុបជាទឹកប្រាក់ ដែលខាតបង់ដោយសារគ្រោះអគ្គិភ័យនេះថា តើគិតជាទឹកប្រាក់ខាតបង់អស់ប៉ុន្មាននោះទេ.?


ចែករំលែកព័តមាននេះ