ខេត្តកណ្តាល ៖ ជិះទូករាយសន្ទូច ដើម្បីយកត្រីធ្វើម្ហូប តែបែរជាអកុសលចំពេលដែលមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់បោកបក់ បណ្ដាលឱ្យលិចទូកបាត់ខ្លួនទាំងពីរនាក់ពូនិងក្មួយ លុះព្រឹកឡើងទើបបង្កមានការភ្ញាក់ផ្អើល ។

ហេតុការណ៍ដ៏គួរអោយរន្ធត់នេះ បានកើតទ្បើងវេលាម៉ោង០៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចប្រឡាយរោងលោក មានទឹកថ្លាខ្យងមានជម្រៅទឹក៣.០០ម៉ែត្រ ក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះចំនួន០២នាក់ ទី១-ឈ្មោះ ឡា មាក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កសិករ ត្រូវជាពូ ។ ទី២-ឈ្មោះ ឡាត់ ឌីណា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ត្រូវជាក្មួយ អ្នកទាំងពីរមានទីលំនៅ ភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីឈ្មោះ ឡឹង ឡា ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវឪពុកនិងជីតា របស់ជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ថា នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង០៩យប់ ជនរងគ្រោះទាំងពីរនាក់ ពូនិងក្មួយ បានជិះទូកត្នោតតូចមួយទៅរាយសន្ទូច នៅតាមបណ្ដោយ ប្រឡាយរោងលោក ចម្ងាយពីផ្ទះប្រហែល១០០០ម៉ែត្រ ដូចសព្វដង ។ ក្រោយមកបន្តិច ក៏មានភ្លៀងលាយខ្យល់យ៉ាងខ្លាំងរាប់ម៉ោង ហើយមិនឃើញជនរងគ្រោះទាំងពីរនាក់ ត្រឡប់មកផ្ទះវិញឡើយ។

បន្ទាប់មក គាត់ក៏បានផ្ដល់ដំណឹងប្រាប់អ្នកភូមិសាច់ញាតិ អាជ្ញាធរ និងសមត្ថកិច្ចអោយជួយស្វែងរកជនរងគ្រោះ នៅយប់នោះ មិនឃើញ។ លុះរហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទីយប់ ក៏ប្រជាពលរដ្ឋរកឃើញសាកសពម្នាក់ឈ្មោះ ឡា មាក ត្រូវជាពូ ហើយមកដល់វេលាម៉ោង០៤ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក៏បានរកឃើញសពអណ្ដែតទឹកម្នាក់ទៀតឈ្មោះ ឡាត់ ឌីណា ត្រូវជាក្មួយ រួចហើយក៏ស្រង់យកជនរងគ្រោះទាំងពីរនាក់មកលំនៅឋាន ។
សមត្ថកិច្ចជំនាញផ្នែកបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តខេត្តកណ្តាល ក្រោយពេលពិនិត្យសកសព ជនរងគ្រោះទាំង២នាក់ ក្រុមគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលង់ទឹក បច្ចុប្បន្ន សពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ