ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន ដើម្បីរំលឹកដល់ពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថានារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ និងបន្តរហូតចំនួន ៣ ថ្ងៃ។
ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ធ្វើឡើងដើម្បីរំលឹកដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនៅឆ្នាំនេះ ខេត្តកំពង់ធំមិនមានប្រារព្ធពិធីធំដូចឆ្នាំកន្លងនោះឡើយ ព្រមទាំងដើម្បីបួងសួងសុំសេចក្តីសុខ និងជ័យជម្នះជូនដល់បងប្អូនវីរកងទ័ពជួរមុខផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាអាជ្ញាធរខេត្តកំពង់ធំបាននិងកំពុងខិតខំរៀបចំតុបតែងលម្អសួនច្បារតាមដងស្ទឹងសែន និងរៀបចំសោភណភាពក្រុងស្ទឹងសែន ឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីបង្កើតជាទីតាំងសប្បាយភាពជូនបងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំប្រទីបរៀងៗខ្លួន ឱ្យបានច្រើន មានភាពស្រស់ស្អាត បណ្តែតតាមដងស្ទឹងសែន ដែលមានទីតាំងបណ្តែតចេញ ពីពោធិ៍បាក់ក នៃក្រុងស្ទឹងសែន៕
ចែករំលែកព័តមាននេះ