ទីក្រុងបាងកក៖ សម្ដេចព្រះមាតានៅប្រទេសថៃ ព្រះអង្គសិរីគីត ទ្រង់បានសោយទិវង្គតនៅក្នុងជន្មាយុ៩៣ព្រះវស្សា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ខុទ្ទកាល័យព្រះបរមរាជវាំង។ សម្ដេចម៉ែសិរីគីតលែងបង្ហាញព្រះភ័ក្ដ្រជាសាធារណៈតាំងពីឆ្នាំ២០១២នៅពេលព្រះអង្គកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ព្រះបរមរាជវាំងថៃប្រកាសថាសម្ដេចបានគង់នៅក្នុងមន្ទីរពេទ្យចាប់តាំងពីឆ្នាំ២០១៩ដោយសារជំងឺជាច្រើនមុខ។
កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗនេះ ព្រះអង្គឆ្លងមេរោគចូលក្នុងសរសៃឈាម ហើយក៏ឈានដល់ការសោយទិវង្គតកាលពីថ្ងៃសុក្រ។ ប្រទេសថៃប្រកាសកាន់មរណទុក្ខរយៈពេលមួយឆ្នាំសម្រាប់ព្រះញាតិវង្សានុវង្សថៃ និងប្រជាជនទូទាំងប្រទេស។ សម្ដេចម៉ែសិរីគីតជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន និងជាព្រះជាយារបស់អតីព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេតដែលបានសោយទិវង្គតកាលពីឆ្នាំ២០១៦។
សម្ដេចម៉ែសិរីគីតទ្រង់ប្រសូត្រនៅឆ្នាំ១៩៣២នៅក្នុងពេលដែលប្រទេសថៃផ្លាស់ប្ដូរពីរបបរាជាធិបតេយ្យផ្ដាច់ការមកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ នៅពេលព្រះអង្គសិក្សាតន្ត្រី និងភាសានៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រះអង្គជួបអតីតព្រះមហាក្សត្រភូមិបុល អាប់ឌុលយ៉ាដេតជាលើកដំបូង។ ព្រះអង្គអាប់ឌុលយ៉ាដេតចំណាយជីវិតកុមារភាពនៅប្រទេសស្វីស។
ព្រះអង្គសិរីគីតមានបន្ទូលនៅក្នុងភាពយន្តឯកសាររបស់ប៊ីប៊ីស៊ី (BBC) ថាជួបមុខគ្នាដំបូង ព្រះអង្គមិនទាន់ចាប់អារម្មណ៍ទេព្រោះព្រះអង្គយល់ថារាងយឺតពេលបន្តិចទៅហើយ។ ប៉ុន្តែក្រោយមក ព្រះអង្គទាំងទ្វេក៏មានចំណងស្នេហ៍ជាមួយគ្នា និងឈានដល់ការភ្ជាប់ពាក្យកាលពីឆ្នាំ១៩៤៩។ មួយឆ្នាំបន្ទាប់ ព្រះអង្គរៀបអភិសេកនៅក្នុងជន្មាយុ១៧វស្សា។
ជាអ្នកម៉ូតនិយម សម្ដេចម៉ែសិរីគីតសហការជាមួយអ្នកច្នៃម៉ូតជនជាតិបារាំង លោកព្ជែបាល់ម៉ាំង (Pierre Balmain) ដើម្បីកាត់សំលៀកបំពាក់ដ៏ទាក់ទាញពីសូត្ររបស់ថៃ។ ព្រះអង្គគាំទ្រការអភិរក្សវិស័យតម្បាញជាប្រពៃណីរបស់ថៃ ហើយត្រូវគេចាត់ទុកថាជាអ្នកជួយស្រោចស្រង់ឧស្សាហកម្មសូត្ររបស់ថៃ។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ