ខេត្តសៀមរាប ៖ យោងតាមនាយកដ្ឋានព័ត៌មានបានឱ្យដឹងថា កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ HAN JIAJIA ៣-ឈ្មោះ QIN CILONG និងស្ត្រីជនជាតិវៀតណាមចំនួន០១ នាក់ឈ្មោះ LUONG THI QUE ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារជាវត្ថុតាងរួមមានៈ កុំព្យូទ័រលើតុ ចំនួន០៤គ្រឿង-ទូរសព្ទដៃចំនួន២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ត្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគទិញរូបិយបណ្ណអេឡិចត្រូនិច(Crypto)ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕
ចែករំលែកព័តមាននេះ