ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក.ប.ប.ខេត្តកំពង់ចាម ចុះ​ស្វែងរកប្រេងឆា​៥ ម៉ាក​​ក្លែងក្លាយ តែ​រកមិនឃើញចរាចរណ៍​នោះទេ

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សុខភាព​របស់​ប្រជាពលរដ្ឋ​ មន្ត្រី​ជំនាញ​នៃ​សា​ខាក​.​ប​.​ប បាន​សហ​ការ​ជាមួយ​​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ចុះ​ពិនិត្យ​មើល​រក​ប្រេងឆា​ក្លែងក្លាយ​ចំនួន​៥​ម៉ាក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ពេល​យក​មក​ចម្អិន​ម្ហូបអាហារ​ ។ ​តែ​តាម​រយៈ​ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤​ តុលា…

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សុខភាព​របស់​ប្រជាពលរដ្ឋ​ មន្ត្រី​ជំនាញ​នៃ​សា​ខាក​.​ប​.​ប បាន​សហ​ការ​ជាមួយ​​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ចុះ​ពិនិត្យ​មើល​រក​ប្រេងឆា​ក្លែងក្លាយ​ចំនួន​៥​ម៉ាក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ពេល​យក​មក​ចម្អិន​ម្ហូបអាហារ​ ។ ​តែ​តាម​រយៈ​ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​គិត​
រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤​ តុលា ឆ្នាំ២០២៥ មិន​ទាន់​រក​ឃើញ​នៅ​ផ្សារ​ណាមួយ​ក្នុង​ខេត្តកំពង់​ចាម​ចរាចរណ៍​លក់ដូរ​នោះ​ទេ ទោះបីជា​បែប​នេះ​ក៏​ដោយ ​មន្ត្រី​ជំនាញ​នៅ​បន្ត​តាមដាន​តទៅ​ទៀត
ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឈ្មួញ​ខិលខូច​ ។

លោក​ស៊ា​ន ស៊ី​ណាត ប្រធាន​អង្គភាព​សា​ខាក​.​ប​.​ប មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​បទបញ្ជា​ពី​ស្ថាប័ន​ជំនាញ​ក្រសួងពាណិជ្ជកម្ម​ក៏​ដូច​ជា​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ បាន​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក​បំពេញបេសកកម្ម​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម នា​ពេល​កន្លង​ទៅ​ថ្មី​ៗ តែ​ពេល​ចុះ​ទៅ​ដល់​តូប​លក់ដូរ​របស់​បងប្អូន​អាជីវករ​ គឺ​រក​ប្រេងឆា​ចំនួន​៥​ម៉ាក ដែល​ជា​ប្រភេទ​ប្រេងឆា​ក្លែងក្លាយ​នៅ​ប្រទេស​វៀតណាម​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព តែ​ពុំ​ឃើញ​មាន​តូប​លក់ដូរ​ណាមួយ​លក់​ប្រេងឆា​ទាំងនោះ​ទេ​ ។

មន្ត្រី​ជំនាញ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២២ ​តុលា ២០២៥ មន្ត្រី​សាខា ក​.​ប​.​ប​.​ខេត្តកំពង់​ចាម​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​ម្ហូបអាហារ និង​ស្វែងរក​ប្រេងឆា​ទាំង​ប្រាំ​ប្រភេទ​ដែល​មាន​បញ្ហា​នៅ​ប្រទេស​វៀតណាម នៅ​ផ្សារ​ព្រែក​រំដេង និង​ផ្សារ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ តែ​ជា​លទ្ធផល​រក​ពុំ​ឃើញ​លក់​នៅ​លើ​ទីផ្សារ​ឡើយ ។ ​ដោយឡែក​ចំពោះ​ផ្សា​របឹង​កុក​ និង​ផ្សារ​ធំ​ក្រុង​កំពង់ចាម ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ស្វែងរក​ដោយ​យកចិត្តទុកដាក់ ​តែ​រក​មិនឃើញ​មាន​ដូចគ្នា ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ ក្នុង​គោលបំណង​ធានា​ការពារ​នូវ​សុខុមាលភាព​ជូន​អ្នក​ប្រើប្រាស់ ទប់ស្កាត់​ផលិតផល​ទំនិញ​មិន​សម​ស្រប ពិសេស ផលិតផល​ម្ហូបអាហារ​ដែល​មិន​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស ឬ​មាន​កត្តា​ជា​គ្រោះ​ណាមួយ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ជាយថាហេតុ​។

ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទិញ លក់ ឬ​ប្រើប្រាស់​ផលិតផល​ប្រេងឆា​ដែល​មាន​ម៉ាក​ខាងលើ និង​ក្នុង​​​ករណី​បើ​ប្រទះ សូម​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ដើម្បី​មាន​វិធានការ​តាម​នីតិវិធី ឱ្យ​បាន​ទាន់​ពេលវេលា​ ។ ជាមួយ​នោះ​មន្ត្រី​ជំនាញ​មាន​ជំនឿ​មុតមាំ​ថា​ បងប្អូន​អាជីវករ​និង​ស្ដាប់​ការ​ណែនាំ​ធ្វើ​យ៉ាងណា​ លក់ដូ​ប្រេងឆា​ដែល​មាន​កាលកំណត់​បរិច្ឆេទ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ