ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​តំណាងរាស្ត្រ​កូរ៉េ​ខាងត្បូង វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ចុះ​ពិនិត្យ​មើល​ផ្ទាល់ ​ប្រតិភូ​តំណាងរាស្ត្រ​កូរ៉េ​ខាងត្បូង ​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។ លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ចុះ​ពិនិត្យ​មើល​ផ្ទាល់ ​ប្រតិភូ​តំណាងរាស្ត្រ​កូរ៉េ​ខាងត្បូង ​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥​ថា គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ ឯកឧត្តម KIM SEOK-KI តំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការបរទេស និង​បង្រួបបង្រួម​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​របស់​សមត្ថកិច្ច​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ។

ការ​វាយតម្លៃ​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ ដែល​គណៈប្រតិភូ​កូរ៉េ ​​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អគារ​ក្រុមហ៊ុន​សុភ​មិត្ដ រ៉េ​ស៊ី​ដេ​ន ស្ថិត​នៅ​ភូមិ​ត្រ​យឹ​ង​ខ្ពស់ ឃុំ​លំពង់ ស្រុក​បាទី ខេត្ដតាកែវ នា​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ដែល​ជាទី​តាំង សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​កម្ពុជា ​ធ្លាប់​បាន​ចុះ​ប្រតិបត្តិការ​ពិនិត្យ ដើម្បី​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ នា​ពេល​កន្លង​មក​។

នា​ឱកាស​នោះ គណៈប្រតិភូ​ក៏​បាន​លើក​ឡើង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ​តាម​រយៈ​ការ​សហការ​ក្នុង​ការ​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​បណ្តាញ​មេខ្លោង​នៅ​ពីក្រោយ​ការ​ឆបោក​អន​ឡាញ តាម​រយៈ​ការ​ស្រាវជ្រាវ​លើ​សម្ភារៈ ​និង​វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ នា​ពេល​កន្លង​មក ​ពី​ទីតាំង​ខាងលើ ក្នុង​នោះ​រួម​មាន កុំព្យូទ័រ​លើ​តុ ចំនួន​២៧២​គ្រឿង កុំព្យូទ័រ​យួរដៃ ចំនួន​០៩​គ្រឿង ម៉ូនីទ័រ ចំនួន​៤៤​គ្រឿង CPC ចំនួន​៤៤​គ្រឿង ទូរ​សព្ទ​ដៃ ចំនួន​១,៣០៥​គ្រឿង និង​Ipad ចំនួន​២​គ្រឿង​ ។

ជាមួយ​គ្នា​នោះ​ដែរ គណៈប្រតិភូ​តំណាងរាស្ត្រ​កូរ៉េ បាន​កោតសរសើរ​ដល់​សមត្ថកិច្ច​កម្ពុជា សម្រាប់​ការ​បង្ក្រាប​ករណី​ឧក្រិដ្ឋកម្ម ឆបោក​អន​ឡាញ​ជា​បន្តបន្ទាប់ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់ បទល្មើស online scam យ៉ាង​ម៉ឺងម៉ាត់​បំផុត ក៏​ដូច​ជា​ការ​បញ្ជូន​ជនជាតិ​កូរ៉េ​ ឲ្យវិល​ត្រលប់​ទៅ​ប្រទេស​ បាន​លឿន​ផង​ដែរ​ ។

ទន្ទឹម​នេះ​ដែរ គណៈប្រតិភូ​ប្រទេស​កូរ៉េ បាន​ថ្លែងអំណរគុណ​ដល់​កម្លាំង​សមត្ថកិច្ច និង​បាន​ស្នើ​សុំ ឱ្យ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន និង​ផ្តល់​កិច្ច​អន្តរាគមន៍ ​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េ ដែល​ជា​អ្នក​រង​គ្រោះ ដោយ​ការ​ចាញ់បោក​មេខ្លោង នៃ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នេះ​ផង​ដែរ​ ។

ឯកឧត្តម KIM SEOK-KI ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ ដែល​ត្រឡប់​ទៅប្រទេស​វិញ ឯកឧត្តម​នឹង​យក​លទ្ធផល​ខាងលើ​នេះ ដើម្បី​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​កូរ៉េ​ឱ្យ​បាន​ទូលំទូលាយ និង​ជំរុញ​នគរបាល​ នៃ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា ក្នុង​ការ​បង្ការ​ទប់ស្កាត់ កុំឱ្យ​បទ​ស​ល្មើស online scam នេះ​កើតឡើង និង​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជាមួយ​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ឱ្យ​បាន​ជោគជ័យ​។

សូម​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ គណៈប្រតិភូ​ពី​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ ឯកឧត្តម KIM SEOK-KI ដោយ​រួម​ដំណើរ​ជាមួយ​កម្លាំង​សមត្ថកិច្ច​កម្ពុជា ក៏​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អគារ​សេះស ដែល​ជា​កន្លែង​ធ្លាប់​មានការ​ប្រព្រឹត្ត​បទល្មើស online scam កាលពី​ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ហើយ​ផ្អែក​តាម​របាយការណ៍​បង្ក្រាប ក្នុង​ចំណោម​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ (​ស្រី្ត​០២​នាក់​) និង​ជនជាតិ​ចិន ចំនួន ២៩​នាក់ (​ស្រី្ត០៣​នាក់​) និង​មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ ព្រមទាំង​វត្ថុ​តាង​មានកំ​ព្យូ​ទ័​រ និង​ទូរ​សព្ទ​ដៃ​ជា​ច្រើន​គ្រឿង​ ។

ក្នុង​ក្រប​ខណ្ឌ​ នៃ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ កក្កដា ឆ្នាំ​២០២៥ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ ចំនួន​៩​ចំណុច​សំខាន់​ៗ ក្នុង​នោះ​សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា «​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ស្នងការ​នគរបាល​រាជធានី-ខេត្ត មេបញ្ជាការ​បណ្តា​អង្គភាព និង​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្ត បទបញ្ជា​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ដោយ​ការ​ទទួលខុសត្រូវ​។ ការ​មិន​អនុវត្ត​តាម​បទបញ្ជា ឬ​មិន​សហការ​អនុវត្ត ក្នុង​រូបភាព​ណាមួយ ត្រូវជា​កម្មវត្ថុ​នៃ​ការ​វាយតម្លៃ ក្នុង​ការ​តែងតាំង ផ្លាស់​ប្ដូរ ឬ​បញ្ចប់​មុខ​តំណែង​»​ ។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ