រាជធានីភ្នំពេញ៖ ជំងឺស្រែងគឺជាការឆ្លងមេរោគផ្សិតលើស្បែកដ៏រំខានមួយ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញពីរោគសញ្ញានិងរបៀបឆ្លងដើម្បីឱ្យសាធារណជនមានការប្រុងប្រយ័ត្ន។
តើជំងឺស្រែងមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាសំខាន់ៗដែលត្រូវសម្គាល់រួមមាន៖
- អាការៈរមាស់ នៅលើស្បែក។
- មានរាងជា រង្វង់បន្ទះមូល ឬរាងពងក្រពើ ដោយមាន ក្រមរស្រកាៗ នៅលើស្បែក។
- គែមជុំវិញមានលក្ខណៈខ្ពស់ និងក្រហម ជាងផ្នែកកណ្ដាល ដែលមើលទៅដូចស្បែកធម្មតា ឬមានក្រមរស្តើង។
ចំណាំ៖ រូបរាងស្រែងអាចនឹងមិនច្បាស់លាស់ និងងាយច្រឡំនឹងជំងឺសើស្បែកផ្សេងទៀត ប្រសិនបើអ្នកជំងឺបានលាបថ្នាំព្យាបាលផ្សេងៗពីមុនមក។
ជំងឺស្រែងឆ្លងតាមរបៀបណា?
ជំងឺនេះឆ្លងរាលដាលតាមរយៈការប៉ះពាល់ផ្ទាល់ដូចជា៖
- ប៉ះពាល់ផ្ទាល់នឹងស្បែក: រវាងស្បែកនិងស្បែកជាមួយអ្នកមានមេរោគផ្សិត។
- ប៉ះពាល់សត្វ៖ ជាមួយសត្វចិញ្ចឹម ឬសត្វដទៃដែលមានផ្ទុកមេរោគផ្សិត។
- សម្ភារៈប្រើប្រាស់រួមគ្នា៖ ដូចជា សម្លៀកបំពាក់, កន្សែង, មួក, ស្រោមជើង, ស្រោមដៃ ឬស្បែកជើងដែលមានផ្ទុកមេរោគ។
- ប៉ះពាល់ផ្ទាល់ជាមួយបរិស្ថាន៖ ដូចជា ដី ឬធូលីដែលមានផ្ទុកមេរោគនេះ។
ការណែនាំ៖ បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ