ខេត្តមណ្ឌលគិរី ៖ វិបត្តិសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ អាជ្ញាធរខេត្តមណ្ឌលគិរីសម្រេចផ្អាកការប្រណាំងទូកឆ្នាំ២០២៥ ប៉ុន្តែបានរៀបចំពិធីតាំងបង្ហាញម្ហូបជនជាតិដើមភាគតិច «សម្លព្រូង ១,០០០បំពង់ឫស្សី» ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ។

យោងតាមរដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីការរៀបចំព្រឹត្តិការណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដោយផ្អាកជាបណ្តោះអាសន្ន ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥។
អនុលោមតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល លេខ១៥សរ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្តីពីការស្តី ពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលកន្លងមក រាជរដ្ឋាភិបាលតែងតែប្រារព្ធរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជារៀងរាល់ឆ្នាំ រយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការបន្តរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់ ដែលឯកភាពក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០៥ ក្នុងន័យនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបដល់មហាជន មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រះរាជ ពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដែលមានតាំងពីយូរលង់មកហើយ ដូចនេះ រដ្ឋបាលខេត្ត សូមដាក់ចេញវិធានការណែនាំដូចជា ផ្អាកការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំសម្អាត តុបតែងលម្អភ្លើងពណ៌ ផ្កាភ្ញី នៅអង្គភាពរៀងៗខ្លួន និងរៀបចំប្រទីប សម្រាប់ដាក់តាំងលម្អនៅទំបន់សែនសុខដុម និងទំនប់សែនមនោរម្យ ។
ដោយឡែក មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលក្រុងសែនមនោរម្យ សភាពាណិជ្ជកម្ម ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អាជីវករ សេវាករ ពាណិជ្ជករ និងម្ចាស់អាជីវកម្ម ក្នុងខេត្ត ឱ្យនាំយកផលិតផលកសិផល និងម្ហូបអាហារ ភេសជ្ជៈ មកចូលរួមតាំងពិព័រណ៍ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥។
ក្រៅពីការរៀបចំតុបតែងលម្អ រដ្ឋបាលក្រុង ស្រុកទាំង៥ ត្រូវរៀបចំសម្លព្រូងចំនួន១០០០បំពង់ឫស្សី (២០០បំពង់ឫស្សី/ក្នុងមួយក្រុងស្រុក) សម្រាប់ព្រឹត្តិការណ៍តាំងបង្ហាញម្ហូបជនជាតិដើមភាគតិចភាគឦសាន។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការប្រគុំតន្ត្រី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ។ មន្ទីរព័ត៌មាន មន្ទីរទេសចរណ៍ ចូលរួមសហការផលិតមាតិកាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ។
រដ្ឋបាលខេត្ត នឹងរៀបចំបាញ់កាំជ្រួចរយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារក្រុងសែនមនោរម្យ។ដូច្នេះសម្រាប់ភ្ញៀវទេសចរអាចអញ្ជើញលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ជាមួយព្រឹត្តិការណ៍សប្បាយៗ និងទេសភាព អាកាសធាតុដ៏ត្រជាក់ផងដែរ ៕
ចែករំលែកព័តមាននេះ